ខេត្តរតនគិរី៖ ស្ត្រីម្នាក់ បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងកូនប្រុសតូចម្នាក់ រងរបួសស្រាល ខណៈដែលជិះគោយន្តកន្ត្រៃដឹកជន្លង់ម្រេច ត្រឡប់មកពីចំការវិញ ហើយក្រឡាប់សង្កត់ពីលើកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចអូរជឹម ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំខេត្តរតនគិរី។
លោក ជា សារិទ្ធ អធិការរងទទួលផែនព្រហ្មទណ្ឌស្រុកកូនមុំបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ញ៉ាវ មុំ អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករបានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុឯ ប្តីឈ្មោះ យ៉េន រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មិនមានរងរបួសនោះទេ។ តែកូនប្រុសអាយុ៦ឆ្នាំ ម្នាក់រងរបួសស្រាល ក្រុមគ្រួសារនេះ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
លោកថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានអង្គុយជាមួយកូនប្រុសនៅលើគោយន្តកន្រ្តៃ មានដឹកជន្លង់ម្រេចជាច្រើនដើម ខណៈនោះបានបើកបរធ្លាក់ជង្ហុកហើយក៏ដាច់ខ្សែរិតជន្លុងម្រេចនោះ បណ្តាលឲ្យក្រឡាប់សង្កត់ពីលើស្លាប់តែម្តង។
សមត្ថកិច្ចជំនាញចុះទៅត្រួតពិនិត្យធ្វើកោសល្យវិច័យនៅគេហដ្ឋានសពឃើញថា ពិតជាស្លាប់ដោយសារក្រឡាប់គោយន្តកន្ត្រៃនោះពិតប្រាកដមែន ហើយប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ជីវន្ត័