ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញមុខការពារ មេដឹកនាំ គីម ជុងអ៊ុន ជាសាធារណៈ ក្រោយពេលមានប្រព័ន្ធផ្សព្វផ្សាយ ជុំវិញពិភពលោក បានផ្សាយថា កូរ៉េខាងជើង បានលាក់បាំងទីតាំងផលិតមីស៊ីលជាច្រើនកន្លែងនៅតំបន់ភ្នំដាច់ស្រយាល ។ លោកត្រាំបានបញ្ជាក់ថា អាមេរិក បានដឹងយ៉ាងច្បាស់ពីទីតាំង មីស៊ីលទាំងនោះ ។ កូរ៉េខាងជើង បានប្រាប់ពីទីតាំងទាំងនោះដល់អាមេរិក ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រធានាធិបតី ដូណាល់ ត្រាំ បានថ្កោលទោសយ៉ាងខ្លាំង ដល់ប្រព័ន្ធផ្សព្វផ្សាយ ដែលបានផ្សាយព័ត៌មានមិនពិតស្តី ពីទីតាំង ផលិតមីស៊ីលរបស់កូរ៉េខាងជើង ។ លោកត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter ថា «យើងបានដឹងទាំងអស់ពីទីតាំង មីស៊ីល ហើយមិនមានអ្វីថ្មី និងខុសប្រក្រតីឡើយ »។ ការលើកឡើងរបស់លោកត្រាំ គឺសម្តៅទៅលើ សារព័ត៌មានអាមេរិក New York Times ដែលបានផ្សាយព័ត៌មានខាងលើ ។ លោកត្រាំបានបញ្ជាក់ទៀតថា «ខ្ញុំជាមនុស្សទីមួយ ដែលនិយាយឲ្យលោកអ្នកបានដឹងមុនគេ ប្រសិនបើ រឿងរ៉ាវពាក់ព័ន្ធនឹងកូរ៉េខាងជើង ប្រែប្រួលអាក្រក់នោះ»។
ក្រុមអ្នកស្រាវជ្រាវ មកពីមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រ អន្តរជាតិ នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា បានបញ្ជាក់ថា តាមរូបភាពផ្កាយរណបបង្ហាញឲ្យឃើញថា មានទីតាំង ផលិតមីស៊ីល១៣កន្លែង ដែលកូរ៉េខាងជើង មិនបានប្រកាសឲ្យអាមេរិកដឹង ។
ប៉ុន្តែប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានបញ្ជាក់ថា អត្ថបទដែលសរសេរនៅលើបណ្តាញព័ត៌មាន New York Times ស្តីពីការស្រាវជ្រាវ តាមផ្កាយរណប គឺជារឿងមិនពិត ជាព័ត៌មានក្លេងក្លាយ ។ កន្លងមក កូរ៉េខាងត្បូង ធ្លាប់បានបញ្ជាក់ពីទីតាំង កាំជ្រួចមីស៊ីល កូរ៉េខាងជើងខាងលើតាំងពីប៉ុន្មានឆ្នាំមុន។
លោកត្រាំបញ្ជាក់ថា រដ្ឋាភិបាលលោក គីម ជុងអ៊ុន បច្ចុប្បន្ន បានផ្អាករាល់ការសាកល្បង គ្រាប់បែកបរមាណូ និងមីស៊ីល ហើយប្រកាសជាសាធារណៈនូវទីតាំងអាវុធមីស៊ីលទាំងនោះផងដែរ ។ កូរ៉េខាងជើង មិនបានលាក់បាំងអ្វីនោះឡើយ ។
ការប្រតិកម្មរបស់លោក ត្រាំ កើតឡើង ក្រោយពេលក្រុមអ្នកឯកទេសអាមេរិក បានបញ្ជាក់ថា មានទីតាំងផលិតមីស៊ីលរហូតដល់ទៅ១៣កន្លែង ក្នុងចំណោមទីតាំងសម្ងាត់ចំនួន២០កន្លែង នៅកូរ៉េខាងជើង ។ ទីតាំងទាំងនោះ ស្ថិតនៅតំបន់ដាច់ស្រយាល់ ក្នុងតំបន់ភ្នំ ។
ក្រុមអ្នកឯកទេសមកពីមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រ អន្តរជាតិ CSIS បានបញ្ជាក់ថា កូរ៉េខាងជើង នៅតែបន្តសកម្មភាព ផលិតមីស៊ីលឆ្លងទ្វីប នៅក្នុងទីតាំងសម្ងាត់ ដែលកូរ៉េខាងជើង មិនមានប្រកាសជាសាធារណៈ ។
ក្រុមស្រាវជ្រាវសហរដ្ឋអាមេរិក បាននិយាយថា ពួកគេបានកំណត់អត្តសញ្ញាណទីតាំងផលិតមីស៊ីល១៣កន្លែង ក្នុងចំណោមទីតាំង២០កន្លែង ដែលមិនត្រូវបានគេប្រកាសថា មាននៅក្នុងប្រទេសកូរ៉េខាងជើង ហើយនេះ បញ្ជាក់យ៉ាងច្បាស់ពីការងារប្រឈមសម្រាប់ក្រុមចរចាអាមេរិក ដែលសង្ឃឹមថា នឹងអាចបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាង ឲ្យបោះបង់ចោលអាវុធនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ពួកគេ។
នៅក្នុងរបាយការណ៍ជាច្រើនបញ្ចេញដោយមជ្ឈមណ្ឌលយុទ្ធសាស្រ្ត និងសិក្សាអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីងតោន ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ការថែទាំ និងការធ្វើឲ្យល្អប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធបន្ទាប់បន្សំ ត្រូវបានគេសង្កេតឃើញ មាននៅលើទីតាំងមីស៊ីលមួយចំនួន ថ្វីដ្បិតតែមានកិច្ចចរចាក៏ដោយ៕ ម៉ែវ សាធី