ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូមិនពាក់មួកសុវត្ថិភាពការពារធ្លាក់ជង្ហុកដួលបោកក្បាលរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖បុរសវ័យចំណាស់ម្នាក់បានរងការប៉ះទង្គិចក្បាលរបួសធ្ងន់ធ្ងរសន្លប់ស្ដូកស្ដឹងនៅហ្នឹងកន្លែងខណៈកំពុងជិះម៉ូតូធ្លាក់ជង្ហុកដោយមិនដឹងខ្លួនបណ្ដាលឲ្យដួលខ្លួនឯង និងមិនពាក់មួកសុវត្ថិភាពត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០:០០នាទីយប់​ ថ្ងៃពុធ ទី១៤ ខែវិច្ឆិកា​ ឆ្នាំ២០១៨ នៅត្រង់ចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ​ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះ ដែលរងរបួសធ្ងន់នោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។

យោងតាមប្រភពព័ត៌មាន ដែលឃើញហេតុការណ៍បានដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់ម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក Wave-S ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AA-1868 ដោយមិនពាក់មួកសុវត្ថិភាព ​ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស​ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ ស្រាប់តែធ្លាក់ជង្ហុកដ៏ធំនោះ ដោយមិនដឹងខ្លួន បណ្ដាលឲ្យដួលដោយខ្លួនឯង បោកក្បាលរងរបួសធ្ងន់ សន្លប់ស្ដូកស្ដឹងនៅហ្នឹងកន្លែងតែម្ដង ។

បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ជួយហៅរថយន្តសង្គ្រោះគ្លីនិកឯកជន ហុងហាក់ មកដឹកយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ផងដែរ ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដើម្បីរង់ចាំសាច់ញាតិយកឯកសារពាក់ព័ន្ធមកយកទៅវិញ ៕ចាន់ធឿន

  


ចែករំលែក៖