ភ្នំពេញៈ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំនានាដែលពាក់ព័ន្ធ អស់រយៈពេល៣ថ្ងៃ នៅក្នុងប្រទេសសិង្ហបុរីរួចមក នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូមកកាន់ប្រទេសកម្ពុជាវិញ ។
សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា ៖
«ព្រឹក ១៦ វិច្ឆិកានេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូវិលមកកាន់កម្ពុជាវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាកព័ន្ឋនានាអស់ពេល៣ថ្ងៃ (១៣ -១៥ វិច្ឆិកា) នៅប្រទេសសិង្ហបុរី។ ចំពោះខ្ញុំគឺគ្មានទេពាក្យថាហត់នឿយឬលំបាកនោះ។ ខ្ញុំពេញចិត្ត ដែលបានបម្រើប្រទេសជាតិ និងបងប្អូនជនរួមជាតិបានរស់នៅសុខសប្បាយក្នុងសុខសន្តិភាព។
«ភាពរឹងមាំ និងនាវានុវត្តន៍របស់អាស៊ាន» គឺជាប្រធានបទនៃកិច្ចប្រជុំកំពូលលើកទី ៣៣ ដែលបានទទួលលទ្ធផលវិជ្ជមានល្អទាំងសម្រាប់កម្ពុជានិងប្រទេសសមាជិកអាស៊ានទាំងមូល។ ពិតណាស់ ប្រទេសមួយមិនអាចសម្រេចកិច្ចការធំៗដោយប្រសិទ្ឋភាពបានទាំងស្រុងឡើយ គឺយើងត្រូវសហការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា រួមទាំងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច ដើរអោយទាន់តាមបច្ចេកវិទ្យា ជំរុញការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងរួមគ្នាការពារធនធានសម្បត្តិធម្មជាតិ បរិស្ថាន និងទប់ស្កាត់អំពើភេរកម្ម ដើម្បីពង្រឹងសន្តិភាពដែលនាំមកនូវផលប្រយោជន៍ និងវិបុលភាពសម្រាប់ប្រជាជាតិទាំងមូល។ នៅឆ្នាំ ២០១៩ គឺប្រទេសថៃជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤។
តាមម៉ោងហោះហើរ ខ្ញុំនឹងទៅដល់ភ្នំពេញនៅម៉ោង ១១:០០ព្រឹកនេះ។ សូមជូនពរដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា»៕