ភ្នំពេញ៖ នៅថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញដង្ហែរព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងទត ពិធីអុំទូក បណ្តែតប្រទីប និងការអុចកាំជ្រួច នៅមុខព្រះបរមរាជវាំងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៨ នាថ្ងៃទី១នេះ។
នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃនេះ គឺបានផ្តល់នូវការសប្បាយរីករាយក្រៃលែងដល់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី។ ទន្ទឹមនឹងនេះ គឺបានបង្ហាញអោយកូនចៅខ្មែរយើង និងភ្ញៀវទេសចរណ៍ បរទេសបានឃើញ និងបានស្គាល់នូវវប្បធម៍ ទំនៀមទម្លាប់ប្រពៃណីដ៏ថ្លៃថ្លាបំផុតរបស់ជាតិសាសន៍យើងផងដែរ។
សូមជនរួមជាតិ និងភ្ញៀវទេសចរណ៍បរទេសចូលរួមកំសាន្តសប្បាយរីករាយនៅក្នុងព្រះរាជពិធីបុណ្យអុំទូកជាបន្តទៀតនៅថ្ងៃទី២ស្អែកនេះ៕