ខេត្តប៉ៃលិន៖ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីគេប្រទះឃើញសាកសពបុរសស្លាប់ទាល់តែហើមស្អុយ នៅក្នុងផ្ទះជួលទើបម្ចាស់ផ្ទះដឹងរត់ទៅរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ។
ការប្រទះឃើញសពបង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃអង្គារ ១៣កើតខែ កក្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលទល់មុខកាស៊ីណូ ស៊ូភើរិច ដឺបេសកាស៊ីណូ ភូមិផ្សារព្រំជើង ឃុំ ស្ទឹងកាច់កាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន ។
តាមម្ចាស់បន្ទប់ជួលឈ្មោះ គឹម មី ភេទប្រុស អាយុ ៣១ ឆ្នាំ មានមុខរបរជាអាជីវករមានទីលំនៅនៅភូមិផ្សារព្រំជើង ឃុំ ស្ទឹងកាច់កាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះ បានមកជួលបន្ទប់ស្នាក់នៅយូរថ្ងៃមកហើយ។ ទើបតែប៉ុន្មានថ្ងៃមកនេះមិនឃើញជនរងគ្រោះចេញមកក្រៅសោះ លុះពេលឃើញបន្ទប់គាត់ស្នាក់នៅមានក្លិនស្អុយ ក៏នាំគ្នាចូលទៅមើលទើបដឹងថា ជនរងគ្រោះស្លាប់មិនដឹងតាំងពីថ្ងៃណានោះទេ។
យ៉ាងណាសពបុរសខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថាជនរងគ្រោះ មានអាយុប្រហែល៤០ឆ្នាំ ជនជាតិខ្មែរ ស្លៀកពាក់ខោអាវដៃវែង បានដេកស្លាប់លើកម្រាលឥដ្ឋផ្ងារពោះ ជិតពូកដេកប្រហែល៣ថ្ងៃមកហើយគ្មានអ្នកណាដឹងឡើយ ហើយសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យសន្និដ្ឋានជាជំហានដំបូងថា ជនរងគ្រោះអាចស្លាប់ដោយគាំងបេះដូងក្នុងផ្ទះម្នាក់ឯងដោយគ្មានអ្នកណាដឹង រួចក៏ដឹកសពយកទៅតម្កល់ក្នុងវត្តរង់ចាំស្រាវជ្រាវរកបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស សារ៉េត