ព័ត៌មានទាន់ហេតុការណ៍៖

ខឹងគោស៊ីស្រូវបង្កើតជាជម្លោះហិង្សារបួសបែកក្បាលធ្ងន់៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រុសស្រី៣នាក់ បានរងរបួសបែកក្បាលហូរឈាមជោកខ្លួន បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីមានករណីហិង្សាវាយគ្នាទៅវិញទៅមក មួយបានកើតឡើងដោយសារមូលហេតុគោស៊ីស្រូវ បណ្ដាលឲ្យម្ចាស់ស្រែខឹង បានយកដំបង ឫស្សីវាយចំនួន២ដំបង ទៅលើម្ចាស់សត្វគោ កាលពីនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៤និង១០នាទីរសៀល នៅចំណុចផ្ទះអ្នកភូមិ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរសដែលរងរបួសជាម្ចាស់គោមានឈ្មោះ អ៊ុក បណ្ណា អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្ទះ រស់ក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

ចំណែកជនសង្ស័យជាម្ចាស់ស្រែដែលរងរបួសក្បាលដេរអស់៧ថ្នេរ មានឈ្មោះ មើក ធីតា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងច្រក មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ និងឈ្មោះ ទ្បោ សុជាតា ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរកសិករត្រូវគ្រូពេទ្យ ដេរអស់៨ថ្នេរ ។

តាមសមត្ថកិច្ចបញ្ជាក់ទៀតថា មុនកើតហេតុ ជនសង្ស័យជាស្ត្រី២នាក់ ជាម្ចាស់ស្រែបានមករករឿងជនរងគ្រោះ ដោយសារសត្វគោបានស៊ីស្រូវស្រែគាត់ ហើយក៏បានបង្កើតជាជម្លោះគ្នាតឹងសសៃក ក៏បង្កើតជាហិង្សា ខណៈស្ត្រីម្ចាស់ស្រែបានទាញយកដំបងឫស្សីមកវាយក្បាលចំនួន២ដំបងបណ្ដាលឲ្យហូរឈាមជោកខ្លួន ធ្វើឲ្យជនរងគ្រោះទាញបានដំបងវិញ ក៏វាយក្បាលទៅលើស្ត្រី២នាក់នោះវិញ បណ្ដាលឲ្យហូរឈាមដូចគ្នា ទើបបង្កការភ្ញាក់ផ្អើលឡើង សមត្ថកិច្ចមកអន្តរាគមន៍ចាប់ឃាត់ និងយកទាំង៣នាក់ មកកាន់មន្ទីរពេទ្យបង្អែកជីភូ ក្រុងបាវិត ដើម្បីព្យាបាលមុខរបួសសិន ទើបដោះស្រាយតាមច្បាប់ ។

សមត្ថកិច្ចកំពុងបំពេញសំណុំរឿងបញ្ជូនទៅការរិយាល័យជំនាញខេត្តចាត់ការបន្ត ៕


ចែករំលែក៖