ភ្នំពេញៈ រយះពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បរិមាណសំរាមដ៏ធំសំបើម នៅរាជធានីភ្នំពេញមានចំនួនប្រមាណ ៨៣២១តោន ក្នុងនោះសំរាប់ថ្ងៃទី១នៃព្រះរាជពិធីបុណ្យមានចំនួន៣០០៣តោន,ថ្ងៃទី២ មានចំនួន២៧១១តោន និងថ្ងៃទី៣ មានចំនួន២៦០៧តោន។ នេះបើតាមការឲ្យដឹងពីមន្ត្រីមន្ទីរបរិស្ថានរាជធានីភ្នំពេញ។
ក្នុងន័យចូលរួមអបអរសាទរទិវាអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំការជួបជុំធ្វើអនាម័យបរិស្ថាននៅសួនច្បារវត្តបទុមវត្តី ដើម្បីប្រមូល និងរើសសំរាមតាមសួនច្បារនិងទីតាំងសប្បាយភាពនានាក្រោយពី ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកបានបញ្ចប់ទៅ ក្នុងរយះពេល៣ថ្ងៃកន្លងមកនេះ។សកម្មភាពនេះ គឺជាសារបង្ហាញដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៏ឲ្យដឹងថា សូមកុំបោះសំរាមចោលផ្តេសផ្តាស និងសូមកាន់សំរាមយកទៅដាក់ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ និងត្រូវរួមគ្នាដើម្បីបរិស្ថានស្អាត។
លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា សកម្មភាពសំអាតអនាម័យ បរិស្ថាននៅពេលនេះគឺជាការលើកកម្ពស់ការយល់ដឹងពីភាពស្អាតនៃបរិស្ថានបង្កើនសេចក្តីស្រឡាញ់បរិស្ថាន និងការចូលរួមសំអាតអនាម័យបរិស្ថានក្នុងរាជធានីភ្នំពេញរបស់យើងទាំងអស់គ្នា ដើម្បីរាជធានីភ្នំពេញកាន់តែមានសោភណ្ឌភាព បរិស្ថានស្អាតនិងប្រកបដោយផាសុខភាពសំរាប់ការរស់នៅនិងការទាក់ទាញទេសចរ ពិសេសការកែប្រែផ្នត់គំនិត និងឥរិយាបថរបស់ប្រជាពលរដ្ឋឲ្យស្រឡាញ់បរិស្ថាន មានស្មារតីចូលរួមក្នុងកិច្ចគាំ ពារបរិស្ថាន។
លោកអភិបាលរងបន្តទៀតថា សកម្មភាពនេះ គឺពិតជាបានបង្ហាញឲ្យឃើញពីការចូលរួមប្រឡងប្រណាំងទីក្រុងស្អាតនៅទូទាំងប្រទេសកម្ពុជាកាន់តែមានភាពសកម្មខ្លាំងក្លានិងរស់រវើក និងត្រៀមខ្លួនចូលរួមប្រឡងប្រណាំងដណ្តើមយកជ័យលាភីទីក្រុងទេសចរណ៏ស្អាតអាស៊ាននាឆ្នាំខាងមុខនេះ។
លោក ហួត ហៃ បន្ថែមថា បច្ចុប្បន្ន នៅរាជធានីភ្នំពេញមានសំរាមសំណល់រឹងប្រមាណ ៣០០០តោនក្នុង១ថ្ងៃដែលក្នុងនោះមាន៦៥%ជាសំរាមសើម,២០%ជាសំរាមប្រភេទថង់ប្លាស្ទីក និង១០%ទៀតជាសំរាមសំណល់រឹង។ចំណែកការកែច្នៃសំរាម គឺមានត្រឹមតែ២០%ប៉ុណ្ណោះដែលធ្វើឲ្យអត្រាសំរាមសំណល់រឹងដែលប្រមូល ដឹកចេញទៅកាន់ទីលានចាក់សំរាមមានពី៧០%ទៅ៨០%និងចំណែកដែលនៅ សល់យើងទាំងអស់គ្នាតែងតែសង្កេតឃើញវត្តសំរាមជាពិសេសថង់ប្លាស្ទិក មានរាយប៉ាយតាមដងផ្លូវ តាមប្រពន្ធ័ប្រឡាយ.លូនិងតាមដីឡូត៏ទំនេរជាដើម។នៅចំពោះមុខនៃកំណើនបរិមាណសំរាមខាងលើ ទាមទាឲ្យយើងទាំងអស់គ្នាចាំបាច់ ត្រូវតែចូលរួមថែរក្សា និងសំអាតអនាម័យបរិស្ថានតាមរយះការចូលរួមអនុវត្តនូវ សកម្មភាព១ចំនួនដើម្បីគ្រប់គ្រងសំរាមសំណល់រឹងឲ្យបានត្រឹមត្រូវ។
នាឪកាស នោះដែរ លោកអភិបាលរងក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទាំងអស់ ត្រូវចូលរួមកាត់បន្ថយការប្រើ ប្រាស់ថង់ប្លាស្ទិកជាអតិបរមាក្នុងករណីមិនចាំបាច់ ព្រោះថាថង់ប្លាស្ទិកបានបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅដល់សោភណ្ឌភាពទីក្រុង,ការស្ទះប្រពន្ធ័លូ បង្កគ្រោះ ថ្នាក់ដល់សុខភាពមនុស្ស.សត្វនិងបរិស្ថានដោយសារសំណល់នេះមិនងាយពុក ផុយនិងពោរពេញដោយសារធាតុគីមីខ្ពស់ប្រភេទឧស្ម័នការបូនិក ដែលជាភ្នាក់ងារបង្កើតមេរោគ និងជំងឺមហារីកនៅពេលដែលគេយកថង់ប្លាស្ទិកទៅដាក់ របស់ក្តៅដូចជាសម្លរ,បាយជាដើម៕