ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកខឹងកូនបម្រុងដុតផ្ទះចោល ក៏វាយសម្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ អំពើហិង្សាក្នុងគ្រួសារ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ កាលពីម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅនឹងផ្ទះជនរងគ្រោះភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ ស៊ុន ថា ភេទប្រុស អាយុ២៩ឆ្នាំ ដែលជាជន (វិកលចរិក) សសៃប្រាសាទ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលពត៌មានពីប៉ុស្តិ៍ជីក្រែងនៅម៉ោង ៨និង៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ថាមានករណីសម្លាប់មនុស្ស សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ នៅភូមិព្រីង ឃុំជីក្រែង ដើម្បីស្រាវជ្រាវ តាមសាក្សីបានឲ្យដឹងថា : ឈ្មោះស៊ិន ធុល ភេទប្រុស អាយុ៥៥ឆ្នាំ បានកាប់ និងវាយកូនរបស់ខ្លួនលើថាសជណ្តើរផ្ទះរបស់ខ្លួន រួចហើយអូស ជនរងគ្រោះទៅខាងក្រោយផ្ទះបាត់ លុះដល់ម៉ោង ២យប់ ក្នុងថ្ងៃដដែល ឈ្មោះស៊ិន ធុល និងប្រពន្ធ ឈ្មោះស៊ិន ឈន់ដែលត្រូវជាឪពុកម្តាយ ជនរងគ្រោះ បានចាកចេញពីផ្ទះតែម្តង។

ចំពោះសាកសពបានរកឃើញនៅក្នុងទឹកស្រះក្រោយផ្ទះកើតហេតុ នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅលើសាកសពឃើញស្នាមកាប់និងកាំបិតត្រូវមួយកន្លែងត្រង់លើត្រចៀកខាងឆ្វេង និងលើក្បាលហើមជាំ ។

ករណីនេះមុខសញ្ញាសង្ស័យគឺឪពុកបង្កើតឈ្មោះ ស៊ិន ធុល អាយុ៥៥ឆ្នាំដែលខឹងនឹងកូនធ្វើសកម្មភាព ចង់ដុតផ្ទះបំផ្លាញទ្រព្យក្នុងផ្ទះ ថែមទាំងវាយឪពុកម្តាយជាច្រើនលើក កាលពីកន្លងមក ។ ករណីនេះសមត្ថកិច្ចកំពុងបន្តនីតិវិធី ស្រាវជ្រាវ ៕ ប៊ុនរិទ្ធី


ចែករំលែក៖