ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានពីការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៦.១៩៧ ស្ថិតក្នុងភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងអ្នកជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកម៉ូតូ ១គ្រឿងនៅពីមុខម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1H 3882 បណ្ដាលឲ្យរងរបួសបាក់ជើងម្ខាងធ្ងន់ និងស្រាល។
ប្រភពព័ត៌មានខាងលើបន្តថា លុះនៅវេលាម៉ោង៩ និង៥០នាទី ព្រឹកថ្ងៃសៅរ៍ ១កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ដែរ ស្ថិតក្នុងភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកានដដែល មានករណីគ្រោះថ្នាក់ចរាចរណ៍ម្ដងទៀត បង្កឡើងដោយអ្នកបើកបររថយន្ត ១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V 3283 ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកគូថក្រុមហ៊ុន(កាពីតូល)ដឹកអ្នកដំណើរ បណ្ដាលឲ្យរងរបួសខ្លួនឯង រួមទាំងអ្នករួមដំណើរម្នាក់ទៀតផងដែរ។
ប្រភពដដែលបន្តទៀតថា ដោយឡែក៖ នៅយប់ថ្ងៃដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ដដែលនោះ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧៦.១៧៧ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដែរ ដោយបង្កឡើងដោយអ្នកបើកបរ(រត់គេច) រថយន្តម៉ាក់ LAND CRUISER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA 8088 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1C 6600 ខណៈកំពុងធ្វើចរាចរណ៍ស្របគ្នាបណ្ដាលឲ្យរបួសធ្ងន់អ្នកបើកបរ និងអ្នករួមដំណើរស្លាប់ភ្លាមៗនៅកន្លែង។
ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា វត្ថុតាងម៉ូតូ និងរថយន្ត ជនរងរបួស និងស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ សមត្ថកិច្ចជំនាញបានញាប់ដៃញាប់ជើងចាត់ចែងតាមបច្ចកទេស៕ ប៉ឹម ពិន