ព័ត៌មានទាន់ហេតុការណ៍៖

ទំនប់ស្ទឹងស្រែង ធ្វើឲ្យពលរដ្ឋ ស្រុក ចុងកាល់ និងអន្លង់វែង លែងជួបបញ្ហាខ្វះទឹកស្រោចស្រព

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ទំនប់ទឹកស្ទឹងស្រែង ស្ថិតក្នុង ស្រុក ចុងកាល់ ខេត្តឧត្តរមានជ័យ បានក្លាយជាសមិទ្ធផលដ៏ពិសិដ្ឋសម្រាប់ប្រជាពលរដ្ឋនៅក្នុង ស្រុក ចុងកាល់ និង ស្រុក អន្លង់វែង ព្រោះវាជាប្រភពផ្តល់ទឹកសម្រាប់ស្រោចស្រពដំណាំកសិកម្ម ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃ ។ ជាពិសេស ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុង ស្រុក ចុងកាល់ និងអន្លង់វែង លែងជួបបញ្ហាខ្វះទឹកប្រើប្រាស់ និងស្រោចស្រពដំណាំ និងបង្កបង្កើនផលនៅក្នុងរដូវប្រាំងទៀតហើយ ។

ដោយមើលឃើញពីបញ្ហាប្រឈមខ្វះទឹកប្រើប្រាស់ ក៏ដូចជាស្រោចស្រពដំណាំនៅក្នុងរដូវប្រាំងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្ត ស្រុក ចុងកាល់ អន្លង់វែង និងផ្នែកខ្លះទៀតនៅក្នុង ខេត្ត បន្ទាយមានជ័យ និងសៀមរាបនោះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំកសាងទំនប់ស្ទាក់ទឹកជាបន្តបន្ទាប់នៅក្នុងភូមិសាស្ត្រនេះ ។ ទីមួយ បានសាងសង់ទំនប់ទឹកមួយនៅក្នុង ស្រុក អន្លង់វែង បន្ទាប់មក សាងសង់ទំនប់បន្ថែមមួយទៀតស្ថិតនៅក្នុង ស្រុក ចុងកាល់ ដែលមានឈ្មោះថា «ទំនប់ស្ទឹងស្រែង» ដែលសាងសង់ដោយក្រុមហ៊ុនចិន ។

ទំនប់ទឹកស្ទឹងស្រែងនេះ មានប្រវែង ២,៨០០ម៉ែត្រ តភ្ជាប់ពីភ្នំកំបោរ ទៅភ្នំរូងដែក មានសមត្ថភាពស្តុកទឹកបាន ២៥៩លានម៉ែត្រគូប ។ ទំនប់នេះស្ថិតនៅក្នុងភូមិស្រះកែវ ឃុំ ពង្រ ស្រុក ចុងកាល់ ខេត្ត ឧត្តរមានជ័យ ។ ទំនប់ស្ទឹងស្រែង ដែលដើរតួនាទីកាត់បន្ថយទឹកជំនន់ និងអាចផ្តល់ទឹកសម្រាប់យកទៅផ្គត់ផ្គង់ដីស្រែជាង ២៥,០០០ហិកតា ក្នុង ខេត្ត ចំនួន៣ រួមមាន ខេត្ត ឧត្តរមានជ័យ បន្ទាយមានជ័យ និងសៀមរាប ។ ទំនប់នេះ ត្រូវបានបញ្ចប់ការសាងសង់កាលពី ខែមីនា ឆ្នាំ២០១៧ ។

ពេលចាប់ផ្តើមដំណើរការសាងសង់ទំនប់មួយនេះ ក៏មានធ្វើចលនាផ្សេងៗរារាំងការសាងសង់នេះផងដែរ ក្រោមហេតុផលប៉ះពាល់ដីព្រៃសហគមន៍ ។ ប៉ុន្តែដោយមើលឃើញពីអត្ថប្រយោជន៍ចាំបាច់ក្នុងការទាញយកទឹកសម្រាប់ផ្គត់ផ្គង់ការស្រោចស្រព និងប្រើប្រាស់របស់ប្រជាពលរដ្ឋរាជរដ្ឋាភិបាលបានជម្នះសាងសង់ទំនប់ស្ទាក់ទឹកនេះឡើយ ។

បច្ចុប្បន្នលទំនប់ស្ទាក់ទឹកមួយនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ប្រភពទឹកសម្រាប់ប្រជាពលរដ្ឋ ។ លោក សេង សុង ប្រជាពលរដ្ឋរស់នៅក្នុង ស្រុក អន្លង់វែង តាំងពីទសវត្សរ៍ ឆ្នាំ៨០មកនោះ បានសម្តែងការសាទរ និងរីករាយខ្លាំងចំពោះសមិទ្ធផលមួយនេះ ។

លោកបានគូសបញ្ជាក់ថា តាំងពីលោករស់នៅទីនេះមិនដែលមានទំនប់ទឹកធំបែបនេះឡើយ ហើយប្រជាពលរដ្ឋតែងជួបបញ្ហាខ្វះទឹកប្រើប្រាស់ និងស្រោចស្រព ។ ប៉ុន្តែក្រោយពេលរាជរដ្ឋាភិបាលសាងសង់ទំនប់នេះឡើង ធ្វើឲ្យប្រជាពលរដ្ឋលែងជួបបញ្ហាទាំងអស់នោះ ហើយបានជួយធ្វើឲ្យជីវភាពរបស់ពួកគាត់បានប្រសើរផងដែរ៕ ប៉ែន នួន


ចែករំលែក៖