ខេត្តតាកែវ៖ ដោយមានការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខត្តតាកែវផងនៅ ពេញមួយថ្ងៃថ្ងៃចន្ទ ៤រោច ខែកក្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចចម្រុះ បានបើកប្រតិបត្តិការចុះទៅបង្ក្រាប និងចាប់ខ្លួនជនជាតិចិន មួយក្រុមធំមានចំនួន២៣៥នាក់ (ស្រី៣៦) ដែលជាប់ពាក់ព័ន្ធករណីចាប់មនុស្សជំរឹតទារលុយតាមប្រព័ន្ធអ៊ិនធឺណេត ។
ការបង្រ្កាបទ្រង់ទ្រាយធំនេះធ្វើឡើងនៅ៤ទីតាំងក្នុងស្រុកត្រាំកក់ ខេត្តតាកែវ រួមមានទី១ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិនចំនួន៦៣នាក់ ស្រី០៧នាក់ ទី២ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិន ចំនួន១២នាក់(ប្រុស) ទី៣ ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ចំនួន៧០នាក់ ស្រី២៤នាក់ និងទី៤ ស្ថិតនៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិនចំនួន ៩០នាក់ ស្រី០៥នាក់ សរុបទាំង០៤ទីតាំង ចំនួន២៣៥នាក់ ស្រី៣៦នាក់។
មន្រី្តនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅរសៀលថ្ងៃទី២៦ បន្ទាប់ពីមានព័ត៌មានសេចក្តីរាយការណ៍ពីកម្លាំង ជំនាញ នៃការលួចប្រព្រឹត្តបទល្មើសរបស់ជនជាតិចិនទាំងអស់នេះ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដឹកនាំបញ្ជាកម្លាំងដោយលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោមការដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ទោ សុខ សំណាង បានចុះទៅស្រាវជ្រាវរហូតឈានទៅដល់ការបង្ក្រាប ជាក់ស្តែងជនជាតិចិនប្រព្រឹត្តបទល្មើសចាប់មនុស្សជំរឹតទារលុយតាមប្រព័ន្ធអ៊ិនធឺណេតចំនួន២៣៥នាក់តែម្តង ដែលក ក្នុងនោះមានស្រីចំនួន៣៦នាក់។ ដោយឡែកសមត្ថកិច្ចក៏បានរឹបអូសយកវត្ថុតាងគ្រឿងអេឡិចត្រូនិក និងឧបករណ៍ប្រើប្រាស់ជាច្រើនផងដែរដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។
ប្រភពដដែលបានឲ្យដឹងទៀតថា ជនជាតិចិន និងជនជាតិបរទេសមួយចំនួននេះ បានលួចប្រព្រឹត្តបទល្មើសចាប់ជំរិតតាមប្រព័ន្ធ Internet (ជំរឹតជនជាតិចិនដូចគ្នា)ដោយប្រើបច្ចេកទេសខ្ពស់ នៅក្នុងប្រទេសកម្ពុជា តាមបណ្តារាជធានី-ខេត្ត ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជា ធ្វើការចុះបង្ក្រាបទាន់ពេលវេលា និងកំពុងបន្តស្រាវជ្រាវបង្រ្កាបបន្តទៀត៕ សហការី