ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖​ នាយខណ្ឌ​រដ្ឋបាលជលផលកោះកុងគ្រប់ទឹក

ចែករំលែក៖

បទល្មើសនេសាទ​នៅដែនសមុទ្រខេត្តកោះកុង តាមរយៈការអនុញ្ញាតឲ្យទូកអ្នកនេសាទបរទេស​ថៃ-វៀតណាម ចូលមកនេសាទ ក្នុងដែនទឹកខ្មែរគឺជាឱកាសមានបានយ៉ាងស្ងាត់ស្ងៀមរបស់លោក ឡាង គិរី នាយខណ្ឌរដ្ឋបាលជល​ផល​ខេត្តកោះកុង ។ ប្រភពរាយការណ៍ថា​ នៅស្រុកគិរីសាគរ ខេត្តកោះកុង បទល្មើសនេសាទ​នៃការអនុញ្ញាតឲ្យជនបរទេស​ចូលមកនេសាទក្នុងដែនទឹកខ្មែរ បានកើត​មានយ៉ាងអនាធិបតេយ្យ ក្រោមក្រសែភ្នែក​លោកឡាង គិរី នាយខណ្ឌរដ្ឋបាលជលផលកោះកុង ។ អាជ្ញាធរខេត្តកោះកុង លោកស្រី មិថុនា ភូថង មិនឃើញមានចំណាត់ការ​ចំពោះ​ភាពអនាធិបតេយ្យ​នៃការប្រើប្រាស់ឧបករណ៍ខុសច្បាប់ចូលមកនេសាទ​ក្នុងដែនទឹកខ្មែរនោះឡើយ ។

តាមការអះអាងរបស់ប្រជានេសាទជាលក្ខណៈគ្រួសារនៅឃុំកោះស្ដេច ស្រុកគិរីសាគរ បានឲ្យដឹងថា បច្ចុប្បន្ននេះទូកនេសាទរបស់ថៃ និងវៀតណាមរាប់រយគ្រឿងប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងដែនសមុទ្រខ្មែរយ៉ាងមហន្តរាយ។ ក្នុងនោះមានទូកអូសឡង់ ប្រមាណ១០ឈុត ហើយក្នុង១ឈុតមានចំនួនពី៤ទៅ៥គ្រឿង, ទូកប៉ាអន ប្រមាណ១០០ឈុត(ទូកភ្លើង)ហើយក្នុង១ឈុតមានពី៤ទៅ៥គ្រឿង កំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងគ្មានញញើតអ្វីទាំងអស់។ ទូកនេសាទរបស់ថៃ និងវៀតណាមរាប់រយគ្រឿងកំពុងធ្វើសកម្មភាពក្នុងដែនសមុទ្រខ្មែរ ចាប់ពីតំបន់ទឹករាក់ កោះតាង កោះព្រីង រហូតដល់ផ្ទៃសមុទ្រខេត្តកោះកុង ហើយថែមទាំងមានទូកអូសគូ ប្រមាណ២០០គូដែលធ្វើសកម្មភាពនេសាទក្នុងតំបន់សមុទ្រទឹកជ្រៅពីកោះតាង រហូតដល់ព្រំប្រទល់កោះត្រល់ទៀតផង។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋក្នុងឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង បានឲ្យដឹងថា សមត្ថកិច្ចយោធាការពារព្រំដែន និងសមត្ថកិច្ចនគរបាលការពារព្រំដែនទឹក ព្រមទាំងមន្ត្រីរដ្ឋបាលជលផល គឺលោកឡាង គិរី គឺជាអ្នកឃុបឃិតឲ្យទូកនេសាទវៀតណាម និងទូកនេសាទថៃ ចូលមកធ្វើសកម្មភាពនេសាទក្នុងដែនទឹកខ្មែរយ៉ាងគឃ្លើន ដើម្បីជាថ្នូរនឹងផលប្រយោជន៍។ មួយរយៈចុងក្រោយនេះមានទូកស្ទូចមឹករបស់វៀតណាមរាប់សិបគ្រឿងចូលមកធ្វើសកម្មភាពស្ទូចមឹកក្នុងដែនសមុទ្រខេត្តកោះកុង ។ ទាំងនេះ គឺជាប្រភពចំណូលដ៏សំខាន់របស់លោកឡាង គិរី នាយខណ្ឌរដ្ឋបាលជលផលកោះកុង ក៏ដូចជាពួកមន្ត្រី​នគរបាលការពារព្រំដែនទឹក រួមទាំងការទទួលខុសត្រូវធំបំផុតរបស់អាជ្ញាធរខេត្តកោះកុងនោះផង ៕


ចែករំលែក៖