ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានដឹកសត្វសុនខមួយក្បាលធ្វើដំណើរចេញពីតាខ្មៅបម្រុងទៅសង្កាត់កំបូលដើម្បីធ្វើការ តែជាអកុសល មកដល់ពាក់កណ្តាលផ្លូវក៏បុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀត ដែលធ្វើដំណើរដោយនារី២នាក់ទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសជនជាតិចិនម្នាក់ស្លាប់ រួមទាំងសត្វសុនខ១ក្បាលងាប់ នៅនឹងកន្លែង ចំណែកនារីទាំង២នាក់ទៀត រងបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យភ្លាមៗ ។
ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខស្ថានីយបូមទឹកស្អុយបឹងទំពុន លើផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បុរសជនជាតិចិនដែលស្លាប់នោះមាន ឈ្មោះ ឆា អុីហួយ អាយុ៥១ឆ្នាំ មុខរបបរធ្វើការរោងចក្រ នៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ស្នាក់នៅ ភូមិក្រពើហារ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ជិះម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1CG:3912 ដឹកសត្វសុនខមួយក្បាល ក៏ងាប់ទៅតាមម្ចាស់ដែរ ។ ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាក zooer X ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1HD:2430 បើកបរដោយនារីរូបស្រស់ មិនស្គាល់អត្តសញ្ញាណរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូខូចខាតមួយកំណាត់មុខដូចគ្នា ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញម៉ូតូ ម៉ាកស្កុបពី បើកបរដោយបុរសជនជាតិ ដឹកសត្វសុនខមួយក្បាល ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ទិសដៅពីកើតទៅលិច ធ្វើដំណើរបញ្ច្រាសទិសគ្នាជាមួយជាមួយម៉ូតូ zoomer ដែលជិះដោយនារីម្នាក់ ខណៈដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េច បានជាបុកគ្នា ទល់មុខគ្នាយ៉ាងពេញទំហឹងនៅចំណុចកណ្តាលផ្លូវ បណ្តាលឲ្យដួលម៉ូតូខ្ទាតចេញពីគ្នា ធ្វើឲ្យបុរសជនជាតិចិនដួលបោកក្បាលបាក់កស្លាប់ភ្លាមៗ រួមទាំងសត្វចិញ្ចឹមរបស់គាត់ក៏ងាប់ទៅជាមួយម្ចាស់យ៉ាងអាណោចអាធ័ម ។ ចំណែកភាគីខាងម៉ូតូzoomer X ជិះដោយនារីរូបស្រស់២នាក់នោះ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ក្រោយកើតហេតុ សពបុរសរងគ្រោះជាជនជាតិចិន ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យសាច់ញាតិជាប្រពន្ធជនជាតិខ្មែរ ដឹកយកទៅផ្ទះនៅក្រុងតាខ្មៅ រង់ចាំទាក់ទងទៅខាងសាច់ញាតិសពនៅប្រទេសចិនថា ត្រូវចាត់ចែងបែបណាបន្តទៀត ។ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែងនិងយកទៅរក្សាទុកបណ្តោះអាសន្ននៅស្នងការដ្ធាននគបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ភារ៉ា ដង្កោ