អាជ្ញាធរខេត្តកំពង់ធំ ក្រោមអំណាចលោកសុខ លូ គួរចាត់កម្លាំងទៅមើលបទល្មើសនេសាទនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំផង ។ បទល្មើសនេសាទគ្រប់ប្រភេទ ក្រោមក្រសែភ្នែករបស់លោកយ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ កំពុងកើតមានព្រោងព្រាត មិនដែលមានការបង្ក្រាបនោះឡើយ ហើយបើមានការបង្ក្រាប គឺធ្វើឡើងចំពោះតែអ្នកដែលមិនបង់ប្រាក់ឲ្យមន្ត្រីជលផលតែប៉ុណ្ណោះ ។ លោកយ៉ាន់ វិសាក់ ហៅសែ ក្នុងនាម នាយផ្នែករដ្ឋបាលជលផលផាត់សណ្តាយ ដែលគ្រប់ដណ្តប់មើលការខុសត្រូវនៅក្នុងស្រុកកំពង់ស្វាយ និងស្រុកសន្ទុក ត្រូវគេរាយការណ៍ថា កំពុងកាកកបយ៉ាងសម្បើមជាមួយបទល្មើសនេសាទ ។
បទល្មើសនេសាទដែលប្រើឧបករណ៍ខុសច្បាប់ច្រើនប្រភេទ មានដូចជាឈ្នក់ របាំងព្រួល អូសយ៉ាំងកាវ ប … បាននិងកំពុងកើតមានយ៉ាងអនាធិបតេយ្យ ក្រោមក្រសែភ្នែកលោកយ៉ាន់ វិសាក់ ហៅសែ ។ ប្រជាពលរដ្ឋនិយាយថា បទល្មើសដែលបានកើតឡើងសុទ្ធតែត្រូវបង់ប្រាក់ឲ្យមន្ត្រីជលផល ទើបអាចនេសាទបាន ។ អ្នកដែលមិនបង់ប្រាក់ឲ្យ មុខជាត្រូវចាប់បង្ហាញមុខយកស្នាដៃជូនថ្នាក់ដឹកនាំខេត្ត និងអគ្គនាយកដ្ឋានរដ្ឋបាលជលផល ។ បទល្មើសនេសាទទាំងនោះ សុទ្ធតែអាចមើលឃើញដោយភ្នែកទទេ ប៉ុន្តែអាជ្ញាធរខេត្តមិនដែលខ្វល់នោះឡើយ គឺជឿតែទៅលើរបាយការណ៍របស់ខណ្ឌរដ្ឋបាលជលផល ឬមន្ទីរកសិកម្មខេត្តតែប៉ុណ្ណោះ ។ លោកយ៉ាន់ វិសាក់ បានត្រឹមតែធ្វើរបាយការណ៍បង្ហាញស្នាដៃពីការចាប់អ្នកនេសាទល្មើសច្បាប់ដែលមិនបង់ប្រាក់តែប៉ុណ្ណោះ ។ លោកមិនដែលធ្វើរបាយការណ៍ពីចំនួនអ្នកនេសាទល្មើសច្បាប់ និងឧបករណ៍នេសាទល្មើសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យថ្នាក់លើបានដឹងនោះឡើយ ។
ប្រជាពលរដ្ឋនិយាយថា ប្រសិនបើអាជ្ញាធរខេត្តរស់ត្រគាកបន្តិច ក៏លោកយ៉ាន់ វិសាក់ ហៅសែ មិនហ៊ានធ្វើអ្វីផ្តេសផ្តាស់តាមអំពើចិត្តនោះដែរ ។ ប៉ុន្តែថ្នាក់ដឹកនាំខេត្តផ្តេកផ្តួល ជឿតែទៅលើរបាយការណ៍ របស់ពួកមន្ត្រីជលផលតែប៉ុណ្ណោះ ។ ថ្នាក់ដឹកនាំទាំងនោះ មិនដែលពិនិត្យមើលស្ថានភាពជាក់ស្តែងថា តើនៅលើបឹងទន្លេសាបមានបទល្មើសអ្វីខ្លះនោះទេ ។ ដោយសារតែបញ្ហានេះហើយ ទើបមន្ត្រីជលផល ចេះតែធ្វើរបាយការណ៍ភូតកុហក់ថ្នាក់ដឹកនាំខេត្ត ។ ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរខេត្តកំពង់ធំ ក្រោមអំណាចចាត់ចែងរបស់លោកសុខ លូ នឹងពិនិត្យមើលបទល្មើសនេសាទនៅក្នុងដែនសមត្ថកិច្ចលោកយ៉ាន់ វិសាក់ ហៅសែ នាថ្ងៃណាមួយមិនខាន ៕