មន្ត្រីនគរបាលសេដ្ឋកិច្ចមួយរូប ដែលជាប្អូនថ្លៃលោកស្នងការនគរបាលខេត្តព្រះវិហារ ត្រូវគេអះអាងថា កំពុងកាក់កបសម្បើមក្នុងការងាររបស់ខ្លួន ពីការរកប្រាក់ច្រកហៅប៉ៅ ។ នោះគឺលោក ម៉េង ភក្តី ជាប្អូនថ្លៃស្នងការនគរបាលខេត្តព្រះវិហារ បានបោះទីតាំងលើព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីចាំបង្ក្រាបរថយន្តដឹកគ្រឿងសិប្បកម្ម និងរថយន្តដឹកបទល្មើសព្រៃឈើ ។
ប្រភពរាយការណ៍ថា ស្នាក់ការរបស់មន្ត្រីខាងលើនេះ ស្ថិតនៅលើកំណាត់ផ្លូវលេខ៦៤ ត្រង់ចំណុចភូមិអូរប្រាំព្យាម ឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ ដែលមានព្រំប្រទល់នៅជាប់ស្រុកស្វាយលើ ខេត្តសៀមរាប ។ នៅទីនេះ គេបានដាក់ប្រជាពលរដ្ឋម្នាក់ ដែលជាជនស៊ីវិល ឲ្យស្លៀកពាក់ជាឯកសណ្ឋានចាំមើលផ្លូវរថយន្តដឹកគ្រឿងសិប្បកម្ម និងដឹកបទល្មើសព្រៃឈើ ។ គេរាយការណ៍ថា កាលពីប៉ុន្មានថ្ងៃមុន បុរសម្នាក់ដែលប្រចាំការនៅស្នាក់ការខាងលើ បានវាយបំបែកកញ្ចក់រថយន្តប្រជាពលរដ្ឋ ដោយស្មានថា ជារថយន្តដឹកបទល្មើស ។
ប្រភពបានបន្ថែមថា ពួកឈ្មួញ ដែលដឹកគ្រឿងសឹង្ហរឹម និងដឹកឈើចេញពីខេត្តព្រះវិហារ ឆ្ពោះទៅខេត្តសៀមរាបត្រូវបង់ប្រាក់ជូនលោកក្រុមលោកម៉េង ភក្តីដោយចៀសមិនផុតនោះឡើយ ។ រីឯចំនួនទឹកប្រាក់ គឺទៅតាមទំហំ នៃបទល្មើស ដូចជារថយន្តដឹកគ្រឿងសឹង្ហារឹម ត្រូវបង់៥ម៉ឺនរៀល ប៉ុន្តែបើដឹកទ្វារបង្អួច ចាប់ពី២ឬ៣សន្លឹកឡើងទៅ ត្រូវបង់១៥ម៉ឺនរៀលក្នុងមួយជើង ។ អ្វីដែលគេកត់សម្គាល់នោះ ការដាក់ស្នាក់ការរបស់លោក ម៉េង ភក្តី មិនមែនតែមួយកន្លែងនោះទេ គឺគ្រប់ផ្លូវចេញ ចូល ខេត្តព្រះវិហារ ហើយពិសេសជាងនេះ គឺលោកយកជនស៊ីវិលឲ្យស្លៀកពាក់ឯកសណ្ឋាននគរបាល ដើម្បីចាំទារប្រាក់ពីអ្នកដឹកជញ្ជូនបទល្មើស ៕