ខេត្តសៀមរាប៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅកន្លែងបុគ្គលិកដេក ក្នុងរោងពុម្ពខោអាវ យីហោ យន់ណា កាលពីវេលាម៉ោង១២និង ៣០នាទី ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅភូមិ វត្តរាជបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សេង សុជាតិ អាយុ ៤៥ឆ្នាំ មុខរបរជា យោធាឈរជើងនៅ ចំណុចអូរកូនតឹង ក្នុងភូមិ ត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។
តាមការបំភ្លឺ ពីប្រពន្ធសព ឈ្មោះ តេង ស្រី អាយុ ៣៨ឆ្នាំ ជាបុគ្គលិក រោងពុម្ពខោអាវយីហោ យន់ណា បានប្រាប់សមត្ថកិច្ចថា ប្ដីរបស់ខ្លួន មានជំងឺ បេះដូងរីក និងហើមសួត ធ្ងន់ធ្ងរ ធ្លាប់បានដេកសម្រាកនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ប៉ុន្ដែរបានចេញពីពេទ្យ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ រួចបានសម្រាកនៅកន្លែងធ្វើការរោងពុម្ពខោអាវយីហោ យន់ណាជុំគ្នា ។
ក្រោយពីសមត្ថកិច្ចចុះធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា សពពិតជាដេកស្លាប់ ពិតប្រាកដមែន ពុំមានអំពើឃាតកម្មនោះទេ រួចក៏ប្រគល់សាកសពឲ្យប្រពន្ធចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ប៊ុន រិទ្ធី