ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តបុកបង្គោលភ្លើង និងស្លាកប៉ាន់ណូបណ្តាលឲ្យអ្នកបើកបររងរបួសបែកក្បាល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទំនងស្រវឹងស្រាបើករថយន្តបុកបង្គោលភ្លើង និងស្លាកប៉ាន់ណូ បណ្ដាលបាក់រាបដល់ដី ឯរថយន្តកល់ជាប់លើទ្រូងផ្លូវទៅមុខលែងរួច ចំណែកអ្នកបើកបររងរបួសបែកក្បាល ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជិត១២យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ខាងមុខសណ្ឋារគាឆាយហុង ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តមានឈ្មោះ ហេង ប៊ុនថេង អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិមិត្តភាព ក្រុងព្រះស៊ីហនុ បច្ចប្បន្ន ស្នាក់នៅផ្ទះហ្សី៩ ផ្លូវលំ ភូមិដំណាក់ធំ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តឡង់គ្រីស័រ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2L-6567 ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកបង្គោលភ្លើង និងស្លាកប៉ាន់ណូ បាក់រាយប៉ាយពេញផ្លូវ រថយន្តកល់ជាប់ និងដាច់ទ្វារមួយចំហៀង ហើយអ្នកបើករថយន្តគៀបជាប់ត្រូវប្រជាពរដ្ឋជួយគាស់យកចេញរងរបួសបែកក្បាល ចំណែករថយន្តខូចខាតស្ទើរទាំងស្រុង ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចុះមកស្ទូច យករថយន្តបង្ក និងអ្នកបើករថយន្តទៅការិយាល័យចរាចរផ្លូវគោក នៃស្នងការាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖