ព័ត៌មានទាន់ហេតុការណ៍៖

ប៉ូលិសខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម បណ្ដាលឲ្យបុរសម្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៥ និង៤៥នាទី បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនាយដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ឃាតកម្ម (ចាក់ និងវត្ថុចុងស្រួចបណ្តាឲ្យស្លាប់) កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៨ និង០០នាទី នៅចំណុចតាមផ្លូវបេតុង មុខការដ្ឋានសំណង់ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យចំនួន១នាក់ មធ្យោបាយថ្នើរជើងប្រដាប់ដោយកាំបិតចុងស្រួច ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជឹង នីន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គេចខ្លួន) ។ ចំណែកជនរងគ្រោះមានឈ្មោះ ឃុន វុទ្ធី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ ជាងបៀកថ្នាំក់ នៅការដ្ឋានសំណង់ ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (របួសធ្ងន់ចំប្រអប់ដៃខាងឆ្វេង និងរបួសធ្ងន់ក្រោមឆ្អឹងដងកាំបិតខាងឆ្វេង) ។

សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ នៅថ្ងៃទី៥ ខែវិច្ឆិកា វេលាម៉ោង៨៖០០នាទី ជនរងគ្រោះ និងជនសង្ស័យ ជាកម្មករសំណង់ដូចគ្នា ធ្វើការនៅការដ្ឋានសំណង់ចំណុចកើតហេតុខាងលើ បានផឹកស្រាអស់ប្រហែល៥ ទៅ​៦ដប នៅផ្ទះឈ្មោះ សួន សារឿន ជាកម្មករសំណង់ដូចគ្នា រហូតដល់ម៉ោងប្រហែល៩៖០០នាទី ដោយមានសភាពស្រវឹងជនរងគ្រោះ និងជនសង្ស័យ បានទំនាស់ពាក្យសម្តីជាមួយគ្នានៅកន្លែងផឹកស៊ី ក្រោយមកជនរងគ្រោះ និងជនសង្ស័យ បាននាំគ្នាដើរចេញពីកន្លែងផឹកស៊ី(ផ្ទះសួន សារឿន) មកកន្លែងកើតហេតុ ក៏បានមានទំនាស់ពាក្យសម្តីគ្នាម្តងទៀត រហូតដល់មានការប្រតាយប្រតប់គ្នា ពេលនោះជនសង្ស័យបានយកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់ ហើយជនសង្ស័យក៏បានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ក្រាំងធ្នង់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត លុះមកដល់ម៉ោង៧ និង៣០នាទី ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យកាល់ម៉ែត ។

រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៥៖៤៥នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនាយដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ជឹង នីន តាមដីការបញ្ជាឲ្យចូលខ្លួន លេខ៣២៦ អ.យ.ឍ ចុះថ្ងៃទី១៦-១១-២០១៨ ចេញដីការដោយលោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារង នៃអយ្យអមសាលាដំបូងរាជធានីភ្នំពេញ នៅចំណុចក្នុងខេត្តស្ទឹងត្រែង និងបានឃុំខ្លួនជនសង្ស័យឈ្មោះ ជឹង នីន ជាបណ្តោះអាសន្ន នៅក្នុងកន្លែងឃុំខ្លួនរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង លុះដល់ថ្ងៃទី២៨-១១-២០១៨ វេលាម៉ោង២ និង០០នាទី ជនសង្ស័យឈ្មោះ ជឹង នីន បានចងកសម្លាប់ខ្លួននៅក្នុងកន្លែងឃុំខ្លួនបណ្តោះអាសន្នរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង៕ តុង សីហា


ចែករំលែក៖