ភ្នំពេញ៖ សាកសពមនុស្សម្នាក់ត្រូវបានឃាតកដៃឆៅកាត់ជាពីរកំណាត់ យកមួយកំណាត់ច្រកថង់យកទៅបោះនៅក្នុងដីឡូត៍មួយកន្លែង រហូតដល់ស្អុយរលួយនៅសល់តែគ្រោងឆ្អឹង ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅចំណុចដីឡូត៍មួយកន្លែង ចម្ងាយប្រមាណជិត២០០ម៉ែត្រ ពីផ្លូវទំនប់កប់ស្រូវ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សពមួយកំណាត់នោះ ពុំត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ មានលក្ខណៈហើមស្អុយរលួយនៅសល់តែគ្រោងឆ្អឹង ។
តាមនគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសជាកម្មករសំណង់ម្នាក់ បានធ្វើដំណើរទៅបត់ជើង ក៏បានប្រទះឃើញសពស្អុយរលួច សល់តែគ្រោងឆ្អឹង ក៏រាយការណ៍ ប្រាប់នគរបាលដើម្បីចុះត្រួតពិត្យហើយបង្កឲ្យមានការភ្ញាក់ផ្អើលឡើង ។
តាមព័ត៌មានឲ្យដឹងថា សពត្រូវបានគេកាត់ជាពីរកំណាត់ហើយ យកមួយកំណាត់ផ្នែកខាងក្បាល ច្រកថង់យកទៅបោះក្បែរគំនរសំរាមក្នុងដីឡូត៍ ។ សពត្រូវបានឃាតក ច្រកថង់ខ្មៅ រុំស្កុតក្បាល រួចច្រកក្នុងថង់ដាក់ខោអាវរលួយសល់តែគ្រោង ឆ្លឹង ។
តាមនគរបាលបានឲ្យដឹងថា សពជាមនុស្ស ប្រុស ហើយត្រូវបានឃាតក សម្លាប់នៅកន្លែងណាមួយហើយ កាត់យកមួយកំណាត់ផ្នែកខាងក្បាលច្រកថង់ រុំស្កុតក្បាលយកទៅបោះចោល ។
តាមនគរបាលបានឲ្យដឹងថា សពអាចស្លាប់រយះពេលប្រមាណមួយខែមកហើយ ៕ ព្រែកជ័យ