ភ្នំពេញៈ គណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអនុម័តសម្រេច Decision13.Com.10.a.3 យល់ព្រមចុះ ល្ខោនខោល នៃព្រះរាជាណាចក្រកកម្ពុជា ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។
នៅប្រជុំលើកទី១៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល សម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបី នៅមជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេសម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ល្ខោនខោលរបស់កម្ពុជា ត្រូវបានទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ ជាផ្លូវការហើយ។
សម្ដេចតេជោ ហ៊ុន សែន តាមរយៈទំព័រ Facebook ផ្លូវការនៅរសៀលថ្ងៃនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាអបអរសាទរ ដែលបានដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨»។
សូមជម្រាបថា ប្រធានបទនៃការដាក់ «ល្ខោនខោល» ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកអរូបិយកាលពីពេលកន្លងទៅ ក៏ធ្លាប់មានការផ្ទុះប្រតិកម្មច្រើននៅលើបណ្តាញសង្គម Facebook និងប្រព័ន្ធផ្សព្វផ្សាយផងដែររវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋថៃ ក្នុងការទាមទារលើម្ចាស់ ជាម្ចាស់កម្មសិទ្ធិសម្បត្តិវប្បធម៌មួយនេះ ។
កម្ពុជា បានស្នើសុំចុះបញ្ជីល្ខោនខោលវត្តស្វាយអណ្តែត កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ ប្រតិភូកម្ពុជា ដែលបានចូលរួមក្នុងសម័យប្រជុំលើកទី១៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបី មានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក កេត សាផាន់ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី Helen Jarvis និងលោក Teruo Jinnai ដែលជាទីប្រឹក្សារដ្ឋាភិបាល មន្ត្រីជំនាញ និងតំណាងកម្ពុជាប្រចាំយូណេស្កូ ៥រូបទៀត។
ល្ខោនដ៏ចំណាស់របស់ខ្មែរមួយនេះ ស្ថិតក្នុងចំណោមបញ្ជីបេតិកភណ្ឌអរូបី ដែលត្រូវការសង្គ្រោះបន្ទាន់ (Urgent Safeguarding List) ដូចបេតិកភណ្ឌផ្សេងទៀតពីអាល់ហ្សេរី អាសែបៃហ្សង់ អេហ្ស៊ីប កេនយ៉ា ប៉ាគីស្ថាន និងស៊ីរី។
យោងតាមសៀវភៅ «បញ្ជីសារពើភ័ណបេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា» (Inventory of Intangible Cutural Heritage of Cambodia) ល្ខោនខោល បានវិវឌ្ឍចេញពីល្ខោនព្រះរាជទ្រពទៅជាល្ខោនដែលសំដែងដោយមនុស្សប្រុសសុទ្ធ។
សូមបញ្ជាក់ផងដែរថា ល្ខោនខោល ឬ ល្ខោនពាក់របាំងមុខ គឺជាល្ខោនមួយ ដែលមានលក្ខណៈចំណាស់របស់កម្ពុជា មានដើមកំណើតនៃការសម្តែងមុនសម័យអង្គរ។ វាត្រូវបានគេជឿជាក់ថាបានចាប់ផ្តើមក្នុងអំឡុងប្រហែលសតវត្សទី៩ តាមរយៈចម្លាក់លឹប នៅតាមជញ្ជាំងអង្គរ។ ក្នុងសម័យអង្គរ ល្ខោនខោលត្រូវបានអភិវឌ្ឍដោយបុរសទាំងស្រុង ក្នុងការរាំប្រចាំ នៅព្រះរាជវាំងបុរាណខ្មែរ។ ហេតុផលដែលពិតប្រាកដនៅតែ មិនទាន់ដឹងច្បាស់ ប៉ុន្តែអ្នកស្រាវជ្រាវបានបង្ហាញថា ដោយសារការដុះដាលនៃសាសនាធ្វើឲ្យ សាសនាព្រាហ្មណ៍ មានជម្លោះជាមួយសាសនាព្រះពុទ្ធ ក្នុងរាជកាលព្រះបាទជ័យវរ្ម័នទី៧(១២៤៣- ១២៩៥)។ ក្នុងនោះមាននារីរបាំជាច្រើនត្រូវបានសម្លាប់ និងធ្វើជាស្រីកំណាន់ ដូច្នេះទើបមាន ការហ្វឹកហាត់អ្នករបាំបុរស ដើម្បីបង្កើតរបាំនេះផ្អែកទៅលើលិទ្ធអ្នកកាន់សាសនាព្រះពុទ្ធ។
រឿងមួយទៀត ដែលជាក់លាក់អំពីការសម្ដែងដោយល្ខោនខោលគឺ រឿងរាមកេរ្តិ៍ ដែលជារឿងព្រេងរបស់ខ្មែរ សម័យរាមាយណៈ។ ការសម្ដែង រួមបញ្ចូលនូវការប្រាប់អំពីអ្នកនិទានរឿង ដែលដើរតួ សំខាន់ក្នុងការសម្ដែង និងវង់ភ្លេងបុរាណគឺ វង់ភ្លេងពិណពាទ្យ។ ល្ខោនគឺមានប្រជាប្រិយភាព ក្នុងសម័យលន់នល់ និងពេលបន្ទាប់មកក៍ក្លាយជាមហេសីសំណព្វរបស់ស្តេច សីហនុ។ ពេលនោះមាន៨ក្រុមល្ខោនដែលមានជំនាញ ហើយបន្ទាប់មកត្រូវបែកខ្ញែកដោយសារសង្គ្រាម តែនៅពេលបច្ចុប្បន្ននេះនៅសល់តែមួយក្រុមគឺនៅ វត្តស្វាយអណ្ដែត ចំងាយ ១៥គីឡូម៉ែត ពីទីក្រុងភ្នំពេញ។ ក្រុមថ្មីពីរ ទៀតបានចាប់ផ្តើមក្នុងសង្គ្រាមរួមមានក្រុមកំពង់ធំ និងក្រុមល្ខោនជាតិ ដែលមកពីមន្ទីរវិចិត្រសិល្បៈ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយបច្ចុប្បន្ននេះ ល្ខោន ខោល ក៏ជាផ្នែកមួយនៅក្នុងតារាងកាលវិភាគសិក្សានៅសកលវិទ្យាល័យវិចិត្រសិល្បៈផងដែរ៕