ខេត្តសៀមរាប៖ មានសេចក្ដីរាយការណ៍ពីសមត្ថកិច្ច កាល ថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០១៨ ថាមានករណីហិង្សាមានស្ថានទម្ងន់ទោស (វាយនិងចបជីក) បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ចំក្បាល ដែល បានប្រព្រឹត្តកាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិតាគង់ សង្កាត់ សំបួរ ក្រុង/ខេត្តសៀមរាប ។
ជនបង្ក ឈ្មោះ ខៀវ វីរះបុត្រ ហៅញ៉ាញ់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិតាគង់ សង្កាត់សំបួរ ក្រុង/ខេត្តសៀមរាបបានយកចបជីក វាយទៅលើជនរងគ្រោះឈ្មោះល-ណ-រ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្បែរគ្នា ចំក្បាល បណ្តាលឲ្យរងរបួសធ្ងន់ ហើយក្រុមគ្រួសារយកទៅ ព្យាបាល នៅរាជធានីភ្នំពេញ ។
ក្រោយពីទទួលពាក្យបណ្ដឹង ពីក្រុមគ្រួសារជនរងគ្រោះនគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សំបួរ និងដោយមានការចង្អុលបង្ហាញ ពី លោកវរសេនីយ៍ឯក ទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បាននាំខ្លួនជនសង្ស័យម្នាក់មកសាកសួរបំភ្លឺ ។
ជនសង្ស័យបានសារភាពថាខ្លួនពិតជាធ្វើ សកម្មភាពប្រើប្រាស់ ចបជីកវាយចំក្បាលជនរងគ្រោះពិតមែន មូលហេតុ ឃើញជនរងគ្រោះវាយឪពុករបស់ខ្លួនឈ្មោះ ខៀវ វ៉ាន់ថុន និងបំពង់ទីបអ៊ីណុកមិនអាច តដៃបាន ទើបខ្លួនចូលទៅជួយ ។ ហើយមូលហេតុ ដែល ឪពុកខ្លួននិងជនរងគ្រោះវាយប្រតាយប្រតប់គ្នានេះ គឺដោយសារ ឆ្កែខាំគ្នាហើយ ម្ចាស់ឆ្កែ ម្ខាងទៀត ដែល ជាជនរងគ្រោះ បានស្រែកជេរដៀមដាម ក៏កើតជាទំនាស់ បែបនេះកើតឡើង ។
យោងតាមការបំភ្លឺរបស់សាក្សី និងចម្លើយសារភាពរបស់ជនសង្ស័យ រួមទាំង វត្ថុតាង ដែល ដកហូតបាន បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕ ប៊ុនរិទ្ធី