ភ្នំពេញ៖ ល្ខោនខោលកម្ពុជាត្រូវ បានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ដំណឹងនេះបានធ្វើឲ្យប្រជាជនខ្មែររំភើបរកអ្វីប្រៀមមិនបាន ហើយដំណឹងដ៏សែនរីករាយនេះ ក៏បានធ្វើឲ្យគេនឹកឃើញដល់បំណងប្រាថ្នាធំមួយ ក្នុងជិវិតរបស់ព្រឹទ្ធាចារ្យ យិត សារិតសាស្ត្រាចារ្យផ្នែកល្ខោនខោលគ្រា ដែលលោកនៅរស់រានមានជីវិត ។
គណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអនុម័តសម្រេច Decision13.Com.10.a.3 យល់ព្រមចុះល្ខោនខោល នៃព្រះរាជាណាចក្រកកម្ពុជាចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។ នៅក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល សម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបី នៅក្រុង Port Loiuisប្រទេសម៉ូរីសនៅថ្ងៃទី២៨ ខែវិច្ឆិកា ល្ខោនខោលរបស់កម្ពុជាត្រូវបានទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូជាផ្លូវការហើយ ។
សម្ដេចតេជោហ៊ុនសែនតាមរយៈទំព័រ Facebook ផ្លូវការនៅរសៀលថ្ងៃនេះបានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាអបអរសាទរ ដែល បានដាក់បញ្ចូលល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅទីក្រុងព័រល្វីសាធារណរដ្ឋម៉ូរីនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨» ។
នេះគឺជាបំណងប្រាថ្នាដ៏ធំមួយរបស់ព្រឹទ្ធាចារ្យ យិត សារិន សាស្ត្រាចារ្យផ្នែកល្ខោនខោលគ្រា ដែល លោកនៅរស់រានមានជីវិត ដែល លោកតែងតែពោលថា ចង់ឃើញល្ខោនខោលខ្មែរត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។
ក្រៅពីការបង្រៀនលោកសាស្ត្រាចារ្យ បានព្យាយាមស្រាវជ្រាវចងក្រងឯកសារនានាមួយចំនួនទុកឲ្យកូនខ្មែរជំនាន់ក្រោយ បានអានសិក្សាស្រាវជ្រាវបន្ត ។
លោកសាស្ត្រាចារ្យផ្នែកល្ខោនខោល យិត សារិន មានវ័យ៩៣ ឆ្នាំបានទទួលមរណភាពកាលពីរាត្រីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីជំងឺចាស់ធ្វើទុក្ខខ្លាំង ដូចជាជំងឺលើសឈាម សួត និងថ្លើមជាដើម ។ មុនពេលទទួលមរណភាព លោកព្រឹទ្ធាចារ្យបានបន្សល់ទុកនូវស្នាដៃសិល្បៈឯកសារស្រាវជ្រាវ និងបានបណ្តុះបណ្តាលធនធានមនុស្សផ្នែកសិល្បៈល្ខោនខោលជាច្រើន ។
គួរបញ្ជាក់កម្ពុជាបានស្នើសុំចុះបញ្ជីល្ខោនខោលវត្តស្វាយអណ្តែត កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ។ ប្រតិភូកម្ពុជា ដែលបានចូលរួមក្នុងសម័យប្រជុំលើកទី១៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក កេត សាផាន់ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី Helen Jarvis និងលោកTeruo Jinnai ដែលជាទីប្រឹក្សារដ្ឋាភិបាល មន្ត្រីជំនាញ និងតំណាងកម្ពុជាប្រចាំយូណេស្កូ៥រូបទៀត៕ វឌ្ឍនា