ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អាជ្ញាធរខេត្តកោះកុង​សើមមាត់​ក្នុងបញ្ហាបទល្មើសនេសាទ

ចែករំលែក៖

វាមិនមែនជារឿងតួចតាចនោះទេ ដែលអាជ្ញាធរខេត្តកោះកុងរបស់លោកស្រី មិថុនា ភូថង បិទភ្នែក​បិទត្រចៀក​ឲ្យមានបទល្មើសនេសាទលើដែនសមុទ្រ ។ បទល្មើសនេសាទ​មាន​ទាំងបណ្តាជនបរទេសវៀតណាម និងថៃ ចូលមកនេសាទ​យ៉ាងគគ្រឹកគគ្រេងនោះ គឺជា​ផលប្រយោជន៍ឯកជនរបស់ថ្នាក់ដឹកនាំខេត្តកោះកុង ជាពិសេស​ស្ថាប័ន​ជំនាញនានា ដូចជា នគរបាល​ព្រំដែនទឹក និងខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង លោក ឡាង គិរី ។ បើទោះបីជាមានការរិះគន់យ៉ាងណាក៏ដោយ លោកស្រី មិថុនា ភូថង ធ្វើមិនដឹង មិនឮ បណ្តោយឲ្យបទល្មើសនេសាទ​កើតឡើងជារៀងរាល់ថ្ងៃ ។

តាមការអះអាងរបស់ប្រជានេសាទជាលក្ខណៈគ្រួសារនៅឃុំកោះស្ដេច ស្រុកគិរីសាគរ បានឲ្យដឹងថា បច្ចុប្បន្ននេះទូកនេសាទរបស់ថៃ និងវៀតណាមរាប់រយគ្រឿងប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងដែនសមុទ្រខ្មែរយ៉ាងមហន្តរាយ។ ក្នុងនោះមានទូកអូសឡង់ ប្រមាណ១០ឈុត ហើយក្នុង១ឈុតមានចំនួនពី៤ទៅ៥គ្រឿង, ទូកប៉ាអន ប្រមាណ១០០ឈុត(ទូកភ្លើង)ហើយក្នុង១ឈុតមានពី៤ទៅ៥គ្រឿង កំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងគ្មានញញើតអ្វីទាំងអស់។ ទូកនេសាទរបស់ថៃ និងវៀតណាមរាប់រយគ្រឿងកំពុងធ្វើសកម្មភាពក្នុងដែនសមុទ្រខ្មែរ ចាប់ពីតំបន់ទឹករាក់ កោះតាង កោះព្រីង រហូតដល់ផ្ទៃសមុទ្រខេត្តកោះកុង ហើយថែមទាំងមានទូកអូសគូ ប្រមាណ២០០គូដែលធ្វើសកម្មភាពនេសាទក្នុងតំបន់សមុទ្រទឹកជ្រៅពីកោះតាង រហូតដល់ព្រំប្រទល់កោះត្រល់ទៀតផង។

លោកស្រីមិថុនា ភូថង ក្នុងនាម​ជាថ្នាក់ដឹកនាំខេត្ត បានបណ្តែតបណ្តោយ​ឲ្យពួកមន្ត្រីជលផល ពោលគឺលោក ឡាង គិរី ធ្វើអ្វីស្រេចតែអំពើចិត្ត ។ ហេតុដូច្នេះហើយ​បានជាពួកអ្នកនេសាទល្មើសច្បាប់ទាំងថៃ ទាំងវៀតណាម កាន់តែគឃ្លើនដោយមិនញញើត​ចំពោះអ្នកនេសាទខ្មែរនោះឡើយ ។ ប្រជាពលរដ្ឋនិយាយថា ពួកអ្នកនេសាទវៀតណាម ថៃ មានសិទ្ធអំណាចគ្រប់គ្រាន់​ក្នុងការប្រព្រឹត្តល្មើស ដោយមិនញញើត​នរណាឡើយ ។ ពួកគេមានអភ័យឯកសិទ្ធិ​ប្រព្រឹត្តល្មើស ព្រោះតែបានត្រូវរ៉ូវជាមួយ​អាជ្ញាធរដឹកនាំខេត្ត ជាពិសេសខណ្ឌរដ្ឋបាលជលផលនោះរួចហើយ ។ ករណីនេះ គេមិនដឹងថា តើមានការពាក់ព័ន្ធកម្រិតណា​ជាមួយ​អគ្គនាយកដ្ឋានរដ្ឋបាលជលផលនោះទេ ៕


ចែករំលែក៖