ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់រថយន្ត៤គ្រឿង បានបុកបន្តកន្ទុយគ្នា តែសំណាងល្អក្នុងហេតុការណ៍នេះ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៣និង៤៤នាទី ថ្ងៃទី២៨ខែ វិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៧៤-៧៥ ត្រង់ចំណុចភូមិកូនត្រុំ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា តាមការសាកសួរសាក្សី គឺមុនពេលកើតហេតុ មានរថយន្ត១ គ្រឿង ម៉ាក នីសសាន់ (បែន) ពណ៌ស គ្មានស្លាក លេខ អ្នកបើកបរ ឈ្មោះលី ហុង ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិស្ទឹងកណ្តៀត ឃុំកណ្តៀង ខេត្តពោធិ៍សាត់ បើកបរមកពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចខាងលើ បានបុករថយន្ត១គ្រឿង មិនស្គាល់ម៉ាក ដែលបើកបរទិសស្របគ្នា ស្របពេលនោះ ក៏មានរថយន្ត២គ្រឿង បានមកបុក បន្តគ្នា ពីក្រោយ ៖ ០១/-រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C8126 សឺមី រ៉ឺម៉ក ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 4A.3505 អ្នកបើកបរ ឈ្មោះ ឌី សុះរើន ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិ ដំណាក់ត្រាច ឃុំដំបូករោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, ២/ រថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A. 6311 សឺមីរ៉ឺម៉ក ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 4A 1631 អ្នកបើកបរ ឈ្មោះ សំអូន ភេទប្រុស ដែលបើកបរស្របទិសគ្នា បណ្តាលឲ្យអ្នកបើកបរ ទាំងបី( ០៣) រងរបួស្រាល ត្រូវបានរថយន្តសង្គ្រោះ ពេទ្យបង្អែកត្រពាំងក្រឡឹង ដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដើម្បីព្យាបាល ខណៈរថយន្តទាំងបី គ្រឿង ខូចខាតធ្ងន់ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ វាស់វែងនាំយក វត្ថុតាងរថយន្តទាំងបី គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ