ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់! បើកឡានបុកទ្រូងផ្លូវក្រឡាប់ របួសធ្ងន់២នាក់ និងបង្កឲ្យរបាំងថ្មចែកទ្រូងផ្លូវខ្ទាតទៅប៉ះម៉ូតូរបួសធ្ងន់ថែម២នាក់ទៀត

ចែករំលែក៖

ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សប្រុសស្រី៤នាក់បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពីមានរថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿន ហើយជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ ហើយរបាំងថ្មបានបាក់អស់២កង់ ខ្ទាតទៅកណ្ដាលផ្លូវ ប៉ះបុរស២នាក់ ជិះម៉ូតូឌុបគ្នាមកបុកពេញទំហឹង កាលពីវេលាម៉ោង២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្បែរអគ្គស្នងការនគរបាលជាតិ តាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ និងឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុនោះ គេឃើញរថយន្តបង្កម៉ាក morning ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AP-0292 ដោយមានប្រុសស្រី២នាក់បានរួមដំណើរជាមួយគ្នា បានបើកបរក្នុងល្បឿនយ៉ាងលឿនចេញពីស្ពានអាកាសក្បាលថ្នល់ទិសដៅពីត្បូងទៅជើង ហើយស្រាប់តែជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ និងរងការខូចខាតយ៉ាងដំណំ ព្រមទាំងបង្កឲ្យប្រុសស្រី២នាក់ក្នុងរថយន្តរងរបួសធ្ងន់ទាំង២នាក់ផងដែរ រីឯរបាំងថ្ម ក៏បានបាក់អស់២កង់ខ្ទាតទៅកណ្ដាលផ្លូវម្ខាងទៀត ត្រូវបានបុរស២នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH-2286ឌុបគ្នាក្នុងទិសដៅបញ្ច្រាស មកបុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំង២នាក់ថែមទៀត ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៤នាក់ ភាគីរថយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវបានបញ្ជូនសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យឯកជន ចំណែករថយន្តបង្ក និងម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះទៅវាស់វែង យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖