ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់មនុស្ស៣នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នា

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យ៉ាងហោចណាស់មនុស្ស៣នាក់ បានរងរបួសជាទម្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនឹងម៉ូតូដែលបើកបរបញ្ច្រាសទិសគ្នា ។ ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទាំង៣នាក់ ទៅកាន់មន្ទីរពេទ្យដើម្បី ជួយសង្រ្គោះភ្លាមៗផងដែរ ។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៦ និង៤០នាទី ថ្ងៃព្រហស្បតិ៍ ៧ រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវជាតិ 51(13-14) ភូមិស្តុកស្លាត ឃុំ ភ្នំតូច ស្រុក ឧដុង្គ ខេត្ត កំពង់ស្ពឺ ។

ភាគីម៉ូតូម៉ាក ហុងដា C125(2016) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-1790 បើកបរដោយឈ្មោះ រស់ ភេទ ប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃព្រាល ឃុំ ភ្នំតូច ស្រុកឧដុង្គ ធ្វើដំណើរទិសដៅពីជើងទៅត្បូង ទៅដល់ចំណុចខាងលើ បានប្រជែងរថយន្ត១គ្រឿង ក្នុងទិសដៅស្របទិសគ្នា ហើយបានជ្រុលទៅបុក ម៉ូតូ១គ្រឿង ម៉ាកហុងដា C125(2014) ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FC-4898 បើកបរដោយឈ្មោះ តង់ សុជាតិ ភេទស្រី អាយុ១៩ឆ្នាំ និងអ្នករួមដំណើរ១នាក់ឈ្មោះ ទុំ អៀម ភេទស្រី អាយុ១៨ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិប៉ាលហាល ឃុំ ចាន់សែន ស្រុក ឧដុង្គ ដែលកំពុងធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសទិសគ្នា នៅលើគន្លងផ្លូវខាងកើត បណ្តាលឲ្យគ្រោះថ្នាកទាំងសងខាងតែម្តង ។

ក្រោយកើតហេតុ សមត្ថកិចបានចុះធ្វើកំណត់ហេតុ និងបញ្ជូនអ្នករងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះភ្លាមៗផងដែរ ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងហេតុការណ៍នេះ បណ្តាលឲ្យខូចខាតម៉ូតូតិចតួចម៉ូតូ២គ្រឿង និងរងរបួសធ្ងន់មនុស្ស៣នាក់ ក្នុងនោះស្រី២នាក់់់ ។

បន្ទាប់ពីធ្វើកំណត់ហេតុ វាស់វែងរួចរាល់ សមត្ថកិច្ចបាននាំយកវត្ថុតាង ម៉ូតូទាំងពីរគ្រឿង ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំតូច រង់ចាំឲ្យភាគីទាំង២ ចូលខ្លួនមកដោះស្រាយ គ្នានៅពេលក្រោយ ៕ សេនាស័ក្តិ


ចែករំលែក៖