ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ស្នងការនគរបាលខេត្តព្រះវិហារ បញ្ចេញប្អូនថ្លៃឲ្យធ្វើសកម្មភាព

ចែករំលែក៖

ប្រភពពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ មួយចំនួនបានបង្ហើបឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ កំពុងប្រើអំណាចប្រព្រឹត្តអំពើពុករលួយបក្ខពួកនិយមយ៉ាងគឃ្លើនបំផុត ។

ប្រភពបានឲ្យដឹងទៀតថា លោក យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ បានបើកដៃឲ្យមន្ត្រីនគរបាលសេដ្ឋកិច្ចម្នាក់ឈ្មោះ ម៉េង ភក្ដី ដែលជាប្អូនថ្លៃរបស់ខ្លួន ប្រមូលលុយពីបទល្មើសព្រៃឈើ និងបទល្មើសផ្សេងៗទៀតយ៉ាងពេញបន្ទុក ដោយគ្មានញញើតអ្វីទាំងអស់ ។

តាមការអះអាងរបស់មន្ត្រីនគរបាលខេត្តព្រះវិហារ បានឲ្យដឹងទៀតថា ស្នាក់ការរបស់មន្ត្រីនគរបាលសេដ្ឋកិច្ចឈ្មោះ ម៉េង ភក្ដី ដែលជាប្អូនថ្លៃរបស់លោក យិន ចំណាន គឺមានទីតាំងនៅលើកំណាត់ផ្លូវជាតិលេខ៦៤ ចំណុចភូមិអូរប្រាំព្យាម ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ជាប់ព្រំប្រទល់ស្រុកស្វាយលើ ខេត្តសៀមរាប ។ នៅស្នាក់ការនេះមានជនស៊ីវិលម្នាក់ស្លៀកពាន់ជាឯកសណ្ឋានចាំគាបយកលុយពីឈ្មួញដឹកជញ្ជូនផលកសិកម្ម និងដឹកជញ្ជូនឈើខុសច្បាប់គាបយកលុយដោយគ្មានញញើតអ្វីទាំងអស់ ។ ជនស៊ីវិលរូបនោះត្រូវបានគេដឹងថា ធ្វើអ្វីៗតាមបញ្ជារបស់លោក ម៉េង ភក្ដី ដែលជាមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តព្រះវិហារ ជាប្អូនថ្លៃរបស់លោក យិន ចំណាន ហើយសូម្បីតែរថយន្តដឹកគ្រឿងសង្ហារឹម ឬគ្រឿងឈើកែច្នៃរួច ក៏ត្រូវគេគាបយកលុយតាមអំពើចិត្ត ។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា ឈ្មួញដឹកឈើឬដឹកគ្រឿងសង្ហារឹមពីខេត្តព្រះវិហារ ចូលខេត្តសៀមរាប ចៀសមិនផុតពីបង់លុយតាមការកំណត់របស់លោក ម៉េង ភក្ដី ដែលជាប្អូនថ្លៃរបស់លោក យិន ចំណាន មេនគរបាលខេត្តព្រះវិហារ នោះឡើយ។ មន្ត្រីនគរបាលសេដ្ឋកិច្ច ឈ្មោះ ម៉េង ភក្ដី ហ៊ានធ្វើអ្វីៗតាមអំពើចិត្តឬហ៊ានប្រព្រឹត្តអំពើពុករលួយដល់ឆ្អឹង គឺដោយសារអាងមានលោក យិន ចំណាន មេនគរបាលខេត្តព្រះវិហារ ជាបង្អែកយ៉ាងរឹងមាំចាំជួយគាំទ្រគ្រប់ពេលវេលា។

ប្រការនេះលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងតទៅទៀតទេព្រោះលោក យិន ចំណាន មេនគរបាលខេត្តព្រះវិហារ ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយបក្ខពួកនិយមជាច្រើនឆ្នាំមកហើយ ៕


ចែករំលែក៖