ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអញ្ជើញពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ចែករំលែក៖

ប៉ោយប៉ែត៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយលោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអញ្ជើញពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

លោកអគ្គបណ្ឌិតសភាចារ្យបានបញ្ជាក់ថា ការចុះមកនេះ គឺមកត្រួតពិនិត្យស្ពានថ្មី ដែលទើបសាងសង់ចំណុចច្រកទ្វារស្ទឹងបត់ និងត្រួតពិនិត្យទីតាំងគ្រោង នឹងសាងសង់ទី លានថ្មី ដែលជាប់ផ្លូវរថភ្លើង ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ លោកបញ្ជាក់បន្ថែមថា ក្រោយពីពិនិត្យរួចរាល់ នឹងបន្តដំណើរការច្រកជប់គគី ខេត្តឧត្តរមានជ័យ និងបន្តមកទីក្រុងសៀមរាប ។

សួមបញ្ជាក់ថា ដោយមានការរីកចំរើនយ៉ាងឆាប់រហ័ស ធ្វើឲ្យវិស័យការដឹកជញ្ជូនជើងគោក មានភាពយឺតយ៉ាវ និងចង្អៀតពិបាក ក្នុងការធ្វើចរាចរណ៍ ទើបរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ បានឯកភាពគ្នា ថា គួរដំណើរការបើកច្រកឆ្លងដែនអន្តរជាតិថ្មី ក្រោមការយោគយល់ និង(បំបែកមនុស្ស/ទំនិញ)ចេញពីគ្នា ទើបចាំបាច់ត្រូវពង្រីកភូមិសាស្រ្ត ការលក់ដូរវិនិយោគទុននៅបរិវេណភូមិណងអ៊ាន ឃុំថាខាម ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ដែលនៅទល់មុខភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតនេះ ជាដំណើររឿង ដែលត្រូវបើកច្រកថ្មី ។

ស្ពានដែលសាងសង់ថ្មីជាផ្លូវភ្លោះ មាន៤ចរាចរណ៍ ដោយមានមួយចំហៀង ទទឹង៧ម៉ែត្រ ចិញ្ចើមផ្លូវខាងឆ្វេង ទទឹង២,៥០ម៉ែត្រ ចិញ្ចើមផ្លូវខាងស្ដាំទទឹង១,៥០ម៉ែត្រ ក្រាលខនគ្រឺត (ស៊ីម៉ងត៍) ស្ពានឆ្លងស្ទឹង មានប្រវែងទាំងអស់៦២០ម៉ែត្រ បែងចែក ១៦កំណាត់៖ ខាងដីថៃ មានប្រវែង៤០៥ម៉ែត្រ ខាងដីកម្ពុជា ប្រវែង២១៥ម៉ែត្រ/ ប្រវែងស្ពានឆ្លងស្ទឹង៦០ម៉ែត្រ/ ទទឆងស្ពាន១៧ម៉ែត្រ ដោយកម្ពស់ពីផ្ទៃទឹកមកផ្ទៃស្ពាន ប្រវែង៥ម៉ែត្រ ៕ វណ្ណា


ចែករំលែក៖