ព័ត៌មានទាន់ហេតុការណ៍៖

សិស្ស-និស្សិតប៊ែលធីជាង ៤ម៉ឺននាក់ បានស្រែកជ័យឃោស អបអរសាទរ ល្ខោនខោល ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជី បេតិកភណ្ឌ នៃមនុស្សជាតិ

ចែករំលែក៖

ភ្នំពេញ៖ ស្ថានប័ន រដ្ឋ និង ឯកជនជាច្រើនជាកន្លែង បាន វាយគង ទូងស្គ ទះប៉ោត និងគោះត្រដោក​ បន្លឺស្នូរជ័យឃោស នៅគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជា ​ដើម្បីអបអរសាទរព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រ ​នៃការដាក់បញ្ចូល «ល្ខោនខោល» ចូលក្នុងបញ្ជីបេតិកភ័ណ្ឌអរូបីយនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ក្នុងកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

នៅព្រឹកថ្ងៃនេះដែរ សិស្ស-និស្សិត នៃសាកលវិទ្យាល័យអន្តរជាតិ និងសាលាប៊ែលធីអន្តរជាតិ នៅគ្រប់សាខាទាំងអស់ ប្រមាណជាង ៤ម៉ឺននាក់ បានកេណ្ឌគ្នាស្រែកជ័យឃោស ទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអបអរសាទរ «ល្ខោនខោល» ជាសម្បត្តិ​បេតិកភ័ណ្ឌអរូបីយនៃមនុស្សជាតិ ។

«ល្ខោនខោល» ដែលជាស្នាដៃសិល្បៈបុរាណដ៏អស្ចារ្យរបស់កម្ពុជា ពេលនេះ មិនត្រឹមតែបានប្រាប់ពិភពលោក ឲ្យដឹងពីកម្ពុជាប៉ុណ្ណោះទេ ថែមទាំង បង្ហាញពីទេពកោសល្យ និង ស្នាដៃគ្មាន២ របស់ខ្មែរ ដែលត្រូវបានដូនតាខ្មែរ បន្សល់ទុក។
សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកសមិទ្ធផលនេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សមិទ្ធផលនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងដ៏យូរអង្វែង និងការពុះពារយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងការគាំទ្រយ៉ាងផុលផុសពីសិល្បៈករ អង្គការ សមាគមន៍ សង្គមស៊ីវិល ដែលធ្វើការក្នុងវិស័យសិល្បៈវប្បធម៌ និងការគាំទ្រលើកទឹកចិត្តពីមហាជនទូទៅ និងប្រជាជនកម្ពុជាទាំងមូល។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក។

នេះជាការដាក់បញ្ចូលល្ខោនខោល ជាសម្បត្តិបេតិកភណ្ឌខ្មែរទី៥ហើយបន្ទាប់ពី ប្រាសាទអង្គរវត្ត របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ), ប្រាសាទព្រះវិហារ ដែលបានធ្វើប្រជាពលរដ្ឋខ្មែរមានភាពរំភើពសប្បាយរីករាយក្រៃលែង ។

ការដាក់ ល្ខោនខោល ចូលក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយ នៃមនុស្សជាតិ តាមសេចក្តីសម្រេចរបស់គណៈកម្មការ អន្តររដ្ឋាភិបាល សម្រាប់ការ ពារសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីយ របស់អង្គការយូណេស្កូ ជាលទ្ធផលនៃកិច្ចប្រឹងប្រែង ដ៏យូរអង្វែង និង ការពុះពាររបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និង ការគាំទ្រពីសិល្បៈករ អង្គការ សមាគមន៍ សង្គមស៊ីវិល ក្នុងវិស័យសិល្បៈវប្បធម៌ និង ការគាំទ្រលើកទឹកចិត្តពីមហាជនទូទៅ និង ប្រជាពលរដ្ឋខ្មែរទាំងមូល ឲ្យថែរក្សាអភិរក្សនូវល្ខោនខោល ដែលជាសម្បត្តិវប្បធម៌របស់ជាតិខ្មែរយើង៕


ចែករំលែក៖