ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចុះសាកសួរសុខទុក្ខអង្គភាពសម្ព័ន្ធមេត្រីភាព អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងពិធីសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២ កាលពីថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១៨។
លោកថ្លែងថា ការជួយឧបត្ថម្ភគាំទ្ររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នាពេលនេះ និងមន្ត្រីទាំងអស់ដែលបានចូលរួមសម្ព័ន្ធមេត្រីភាពជាមួយអង្គភាពកងទ័ពមួយនេះ ពិតជាមានន័យខ្លាំងណាស់ គឺចូលរួមជួយទៅដល់នាយទាហាននាយទាហានរង និងពលទាហានទាំងអស់ដែលបានបំពេញភារកិច្ច៤០ ឆ្នាំដើម្បីបុព្វហេតុជាតិមាតុភូមិរបស់យើង។ នេះគឺជាស្មារតីរួមគ្នាខ្លាំងណាស់ដែលបានជួយគ្នាទៅវិញទៅមក គឺសមរភូមិក្រោយជួយដល់កងទ័ព ហើយកងទ័ពបានជួយការពារជាតិ និងប្រជាជនទាំងមូល។ នេះពិតជាបានបុណ្យកុសលច្រើនណាស់ គឺបុណ្យសម្រាប់ជាតិនេះនិងជាតិក្រោយ គឺសេចក្តីសុខសម្រាប់យើងនៅទូទាំងប្រទេសតែម្តង។សម្តេចតេជោ បានប្រកាសជំហរច្បាស់លាស់នៃការចូលរួមពីមន្ត្រីរាជការ ក្រុមហ៊ុនស៊ីវិល និងស្ថាប័នជាច្រើនឲ្យចូលរួមជួយគ្នាទៅវិញទៅមក និងបង្កើតសមិទ្ធិផលជាច្រើនបន្ថែមទៅលើអ្វីដែលគោលរបបរបស់រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ គឺការចូលរួមដោះស្រាយនូវការលំបាកនិងតម្រូវការជាក់ស្តែងដើម្បីយើងកងទ័ពយើងទាំងអស់គ្នា។
លោកបន្តទៀតថា នាយទាហាននាយទាហានរងនិងពលទាហាននៅក្នុងកងពលធំលេខ២ ក៏ដូចជានៅទូទាំងកងទ័ព បានធ្វើពលីកម្មច្រើនណាស់នៅក្នុងបុព្វហេតុជាតិមាតុភូមិ។ កងពលធំលេខ២ ក៏បានចូលរួមនៅក្នុងប្រតិបត្តិការការពារការពារបូរណភាពទឹកដី។រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នៅក្នុងការលើកស្ទួយជីវភាពកងទ័ព ពង្រឹងកងទ័ព ការហ្វឹកហ្វឺន ការកសាងជម្រកស្នាក់នៅ ការបំពាក់សម្ភារ:ដើម្បីត្រៀមប្រយុទ្ធ។ ជាពិសេសមិនត្រឹមតែយកចិត្តទុកដាក់នៅក្នុងគោលរបបរបស់កងទ័ពនោះទេ គឺមានការចូលរួមពីមហាជន ជាពិសេសការចូលរួមរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៅពេលនរះគឺសំខាន់ណាស់ដើម្បីផ្ដល់ដល់យោធិនរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដី។
សម្តេចតេជោ ហ៊ុន សែន តែងតែណែនាំឲ្យមេបញ្ជាការ ដឹកនាំ ដោះស្រាយជីវភាពប្រចាំថ្ងៃ ពង្រឹងសមត្ថភាពរបស់កងកម្លាំងរបស់យើង។ ដែលនេះគឺជាមោទនភាពរបស់យើងដែលមានមេដឹកនាំដែលគិតគូរអំពីកងទ័ពជាពិសេស លោកបានគិតគូរគ្រប់វិស័យទាំងអស់។ យើងគ្មានថវិកាធំដូចប្រទេសមួយចំនួនប៉ុន្តែយើងក៏មិនដេកស្តូកនោះដែរ គឺយើងខិតខំកៀងគរដើម្បីសម្រេចភារកិច្ច។ នេះគឺជាអ្វីដែលជាការខិតខំប្រឹងប្រែងនិងការចូលរួមជាច្រើនរបស់អង្គភាពដែលជាសម្ព័ន្ធមេត្រីភាពជួយដល់កងទ័ពរបស់យើង៕