ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ហ៊ុន ម៉ាណា ដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋជិត២ពាន់នាក់ដោយឥតគិតថ្លៃនៅកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ លោកស្រី ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ សរុបចំនួន ១,៩៤៥នាក់ដោយឥតគិតថ្លៃ នៅថ្ងៃអាទិត្យ ១០រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨។

ពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺនេះ បានប្រព្រឹត្តទៅនៅវិទ្យាល័យ ហ៊ុន សែន កំពង់លែង ភូមិកំពង់បឹង ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងជាប្រធានក្រុមការងាថ្នាក់កណ្តាលចុះជួយស្រុកកំពង់លែង, ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង។

លោកស្រី ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងកម្មវិធីនោះផងដែរ ។

លោកស្រីបន្តថា សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរយកចិត្តទុកដាក់ជាមួយពុកម៉ែ បងប្អូន ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

លោកស្រី បានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលបានសម្របសម្រួលឲ្យពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ បានអញ្ជើញមកដល់ទីតាំង ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ ។

មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក មាននំបញ្ចុក នំបុ័ង និងភេសជ្ជៈ ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសារប្រកបដោយភាពស្និទ្ធស្នាលបំផុត។

ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានផ្តល់ការអប់រំផ្នែកសុខភាពបន្ថែមជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញមកទទួលសេវាព្យាបាលសម្រាប់ថ្ងៃនេះ ព្រមទាំងពិនិត្យ វាស់ ភ្នែកចែកជូនវែនតា លោកយាយ លោកតា ចំនួន ៣០០គ្រឿង សម្ភារៈសិក្សាសម្រាប់សិស្សានុសិស្ស, ខោអាវលោកយាយ លោកតា ព្រមទាំងចែកជូនរទេះរុញសម្រាប់ជនពិការចំនួន ១៥គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ប្រជាពលរដ្ឋ ដែលបានអញ្ជើញមកទទួលការពិនិត្យ និងព្យាបាលជំងឺ នាពេលនេះសុទ្ធតែបានបង្ហាញនូវភាពសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ និងសូមជូនពរក្រុមគ្រួសារសម្តេចតេជោ ឲ្យមានសុខភាពល្អបរិបូណ៍ ដើម្បីបន្តដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់ទៅមុខទៀត៕


ចែករំលែក៖