ខេត្តកណ្ដាល៖ បុរសម្នាក់មុនចងក.បានឈ្លោះប្រកែកជាមួយប្រពន្ធខ្លួនឯងបន្តិចបន្តួចសោះ ក៏ បានគិតខ្លីសម្រេចចិត្ដចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនឯង ក្នុងបន្ទប់ទឹក បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ។
មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ រឿន វិន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ឈ្មោះ រី មុំ ភេទស្រី ត្រូវជាបងជីដូនមួយជនរងគ្រោះបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ជនជនរងគ្រោះមានការឈ្លោះ ប្រកែកពាក្យសម្តីគ្នាជាមួយប្រពន្ធបន្ដិតបន្តួច តែពុំមានបង្កបញ្ហាអ្វីទេធ្ងន់ធ្ងរទេ ។
ក្រោយមកប្រពន្ធរបស់ជនរងគ្រោះក៏បានចេញពីផ្ទះទៅផ្ទះម្តាយរបស់ខ្លួន ។ លុះមកដល់ម៉ោង៧យប់ ឈ្មោះ រី មុំ បានត្រឡប់មកពីបុណ្យគេនៅក្នុងភូមិវិញ បានឃើញតែកូនប្រុសរបស់ជនរងគ្រោះដេកលើគ្រែ ដោយពុំឃើញជនរងគ្រោះទេ ភ្លាមនោះឈ្មោះ រី មុំ បានទូរស័ព្ទទៅប្រពន្ធជនរងគ្រោះឲ្យត្រឡប់មកផ្ទះវិញ ក្រោយមកប្រពន្ធជនរងគ្រោះក៏បានមកដល់ផ្ទះ ហើយដើររកជនរងគ្រោះ ដោយដើរដល់មុខបន្ទប់ទឹកឃើញស្បែកជើងជនរងគ្រោះនៅពីមុខទ្វារ ភ្លាមនោះប្រពន្ធ ជនរងគ្រោះក៏ច្រានទ្វារចូល ស្រាប់តែឃើញប្តី(ជនរងគ្រោះ)ចងក.នៅក្នុងបន្ទប់ទឹកស្លាប់បាត់ទៅហើយ ក៏ស្រែកឆោឡោរផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចដើម្បីធ្វើការពិនិត្យ ។
ក្រោយពីសមត្ថកិច្ចជំនាញបានទទួលព័ត៌មាន ភ្លាមនោះក៏ចុះមកធ្វើការពិនិត្យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ។ ក្រោយពីពិនិត្យចប់ សមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ