ព័ត៌មានទាន់ហេតុការណ៍៖

សណ្ឋារគារអូរតែល សុខា និងសណ្ឋាគាស៊ីហ៊ួ ដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំ រងការរិះគន់ថា បានបង្ហូរទឹកកខ្វក់ចូលឆ្នេរសមុទ្រ..?

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ទឹកកខ្វក់មានក្លិនស្អុយអសោចិ៍ហូរមកពីគ្រប់ទិសទី បន្ថែមទាំងទឹកសំណល់ កខ្វក់ដែលបង្ហូរចេញពីសណ្ឋារគារសុខា និងសណ្ឋារគារស៊ីហ៊ួបានបង្ហូរចាក់ចូលទៅក្នុងសមុទ្រជាប្រចាំនៅត្រង់ចំណុចចន្លោះ ឆ្នេរសណ្ឋារគារអូរតែល សុខា និង សណ្ឋាគារស៊ីហ៊ួ ដែលជា សណ្ឋាគារលំដាប់ផ្កាយប្រាំ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទឹកសមុទ្រ និងបរិស្ថានតំបន់ឆ្នេរធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិ.អន្តរជាតិសម្តែងការរិះគន់ទៅលើមន្ទីរជំនាញ និងអាជ្ញាធរដែនដីថាមានការធ្វេសប្រហែសបណ្តែតបណ្តោយឲ្យម្ចាស់សណ្ឋារគារទាំង០២ខាងលើធ្វើព្យុះធ្វើភ្លៀងបានតាមចិត្ត ដែលគេអាចដាក់ការសង្ស័យថា មកពីមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីបានសើមមាត់សើម ក ពីម្ចាស់សណ្ឋារគារទាំង០២ខាងលើទើបមានករណីបែបនេះកើតឡើងបាន ។

ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ជាច្រើនដែលមកលេងកម្សាន្តក្នុងក្រុងព្រះសីហនុ ជាពិសេស គឺភ្ញៀវ ស្នាក់នៅ សណ្ឋាគារ លំដាក់ផ្កាយប្រាំ ទាំង២ខាងលើ បានរិះគន់ត្រង់ៗ ទៅលើ គណៈ កម្មការគ្រប់គ្រងតំបន់ឆ្នេរ ខេត្តព្រះសីហនុ ថា ការបង្ហូរទឹកកខ្វក់ និងមានក្លិនស្អុយដូចគុំរង់ ចូលសមុទ្របំពុលបរិស្ថានបែបនេះ វាជាបញ្ហាប្រឈមដ៍ធ្ងន់ធ្ងរ ប៉ះពាល់ដល់វិស័យទេសចរណ៍ជាតិ អន្តរជាតិ ដែលធ្វើដំណើរមកកំសាន្តនៅខេត្តព្រះសីហនុ ក្នុងគោលបំណងរបស់មនុស្សម្នាក់ៗ សុទ្ធសឹងផ្តោតជាសំខាន់ទៅលើការចុះងូចទឹកសមុទ្រលេងកម្សាន្ត ។

ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា៖ ប៉ុន្តែបើទឹកសមុទ្រមិនមានការគ្រប់គ្រងអនាម័យបរិស្ថានបណ្តោយឲ្យទឹកកខ្វក់ហូរចូលមកក្នុងសមុទ្រ និងឆ្នេរខ្សាច់ពោរពេញភាពអាប់អូរដូចនេះ តើមានភ្ញៀវទេសចរណ៍ឯណា គេចង់មកលេងទៀត ។ នេះជាបញ្ហាមិនទទួលខុសត្រូវមួយ ដែលមន្ទីរជុំនាញបរិស្ថាន និងថ្នាក់ដឹកនាំអាជ្ញាធរខេត្តព្រះសីហនុ គួរពិចារណាឡើងវិញហើយ ។

ក្រុមបុគ្គលិក បម្រើការងារនៅក្នុងសណ្ឋាគារអូរតែលសុខា បាននិយាយថា ទឹកកខ្វក់ហ្នុងមានក្លិនស្អុយរបៀបនេះ មិនមែនទើបកើតមាននោះទេ គឺកើតមានយូរឆ្នាំមកហើយ ប៉ុន្តែគ្រាន់តែកន្លងមក មិនទាន់មានការសាងសង់សណ្ឋាគារ ស៊ីហ៊ូរ ទឹក​សំអុយ ដែលហូរចាក់ចូលសមុទ្រនោះ វាមិនចាល់បុកមកឆ្នេរខ្សាច់នោះទេ គឺវាហូរធ្លាក់ចូលទៅក្នុងសមុទ្រផុតៗតែម្តង ប៉ុន្តែសម្រាប់រយៈពេលប្រមាណ២ឆ្នាំចុងក្រោយនេះ បន្ទាប់ពីសណ្ឋាគារ ស៊ីហ៊ូរ សង់ផែចតទូក បិទចំច្រកទឹកហូរ ធ្វើឲ្យទឹក សំអុយ ដែលហូរចាក់ចូលសមុទ្រហូរនៅវិលវល់ មិនទៅមុខមិនទៅក្រោយ បាចសាចពេញលើឆ្នេរ សមុទ្រ កន្លែង ភ្ញៀវទេសចរណ៏ចុះលេងទឹក យ៉ាងពេញបន្ទុកតែម្តង ជាហេតុធ្វើភ្ញៀវលែងហ៊ានចុះមុជទឹក លេងបានដូចឆ្នាំមុនៗកន្លងមក ។

លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ បាន ទទួលស្គាល់ថា ពិតជាមាន បញ្ហានេះកើតឡើងមែន លោក បញ្ជាក់ថា ជុំវិញបញ្ហា ទឹកសំអុយខាងលើនេះ ខាងក្រសួងដែនដី បានចុះមកធ្វើ ការសិក្សា និងចាប់ផ្តើមធ្វើអាង ចម្រោះ ហើយ ដើម្បី ការពារមិនឲ្យទឹកសំអុយ ហូរចូលសមុទ្រ បន្តទៀតទេ ដូចនេះ នៅពេល អាងចម្រោះ កសាងរួចរាល់ ឆ្នេរសមុទ្រខាងលើ និងល្អប្រសើវិញហើយ ។

បើទោះជាមានការអះអាងបញ្ជាក់ពីលោកប្រធានមន្ទីរបរិស្ថានខាងលើក្តី វាគ្រាន់តែពិរោះស្តាប់តែហាក់បីដូចជាមិនសុីចង្វាក់គ្នា ដោយហេតុថា សណ្ឋារគារសាងសង់រួច និងចាប់ផ្តើមដំណើរការទៅហើយ ទើបមន្ទីរ និងក្រសួងជុំនាញពាក់ព័ន្ធចុះណែនាំឲ្យម្ចាស់សណ្ឋារគារធ្វើអាងចម្រោះ ហើយប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនៅតែ បន្តរិះគន់ទៅលើអង្គភាពមន្ទីរជុំនាញ អាជ្ញាធរដែនដី និងក្រសួងពាក់ព័ន្ធ ជាពិសេសគណ:កម្មាធិការគ្រប់គ្រងតំបន់ឆ្នេរថា អសមត្ថភាពក្នុងការគ្រប់គ្រងដឹកនាំទើបមានករណីបែបខាងលើកើតឡើងបាន ដែលជាប្រភពដើមចមនាំឲ្យភ្ញៀវទេសចរណ៍ធ្លាក់ចុះ រហូតមកដល់សព្វថ្ងៃនេះ ហើយនាំគ្នាធ្វើរបាយការណ៍បែបភូតកុហកថ្នាក់ដឹកនាំជាន់ខ្ពស់ថា ចំនួនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនៅតែបន្តកើនឡើងទៀត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖