ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋរត់ចែកជើងគ្នា ខ្លះទាញទុយោទឹកខ្លះយកបំពង់ពន្លត់អគ្គិភ័យដើម្បីបាញ់ពន្លត់ ខណៈដែលអគ្គិភ័យមួយបានឆាបឆេះផ្ទះល្វែងមួយកន្លែងយ៉ាងសន្ធោសន្ធៅ និងហ៊ុយផ្សែងទ្រលោម ផ្អើលដល់កម្លាំងសមត្ថកិច្ចអាជ្ញាធរ សង្កាត់ ខណ្ឌ ទំនាក់ទំនងហៅរថយន្តពន្លត់អគ្គិភ័យចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ ។
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១១និង៤០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្នុងបុរីភ្នំមាស ផ្ទះល្វែងលេខ៤៣C ផ្លូវលេខ៤៥BT ក្រុមទី១ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពី ម្ចាស់ផ្ទះកើតហេតុមានឈ្មោះ គីម ស្រី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ចានស្នោរ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុគាត់កំពុងអង្គុយចុចទូរស័ព្ទក្នុងផ្ទះ ស្រាប់តែឃើញមានផ្កាភ្លើងផ្ទុះចេញពីប្រអប់ភ្លើង រួចគាត់ក៏ស្ទុះចេញមកក្រៅ ហើយស្រែកឲ្យអ្នកជិតខាងជួយអន្តរាគមន៍ ដោយអ្នកខ្លះបានយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់ចំនួន១១បំពង់ ប៉ុន្តែមិនរលត់នោះទេ ព្រោះផ្កាភ្លើងដែលផ្ទុះចេញនោះ បានខ្ទាតទៅប៉ះនឹងចានស្នោរនិងប្រអប់ស្នោរ បណ្តាលឲ្យឆាបឆេះកាន់តែខ្លាំងឡើង ទើបរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្តង ។
មួយសន្ទុះក្រោយមក គេឃើញលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះមកជួយអន្តរាគមន៍ដល់កន្លែងកើតហេតុ ដោយមានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្កានិងពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៤គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្រាបៀរកម្ពុជាចំនួន១គ្រឿង សរុបទាំងអស់៥គ្រឿង រួមទាំងមានការចូលរួមជួយអន្តរាគមន៍ពីខាងអាជ្ញាធមូលដ្ឋាន សង្កាត់និងខណ្ឌ និងមានការជួយពីបងប្អូនប្រជាពលរដ្ឋ ទើបអគ្គិភ័យនេះបានរលត់ទៅវិញនៅវេលាម៉ោង១រសៀលថ្ងៃដដែល ដោយមិនឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀតនោះទេ គ្រាន់តែហ៊ុយផ្សែងសាយភាយដល់ផ្ទះអមសាងខាង គឺផ្ទះលេខ ៤២ និងផ្ទះលេខ៤៤តែប៉ុណ្ណោះ ដោយមិនបានបណ្តាលឲ្យនរណាម្នាក់រងរបួស ឬមានគ្រោះថ្នាក់នោះឡើយ ។
ចំពោះករណីអគ្គិភ័យនេះ បានឆាបឆេះផ្ទះល្វែងខាងលើ ឆេះអស់ម៉ូតូអូសរ៉ឺម៉កចាស់១គ្រឿង និងគ្រឿងបរិក្ខាប្រើប្រាស់ក្នុងផ្ទះអស់ទាំងស្រុង។ ចំណែកមូលហេតុ សន្និដ្ឋានបឋម អគ្គិភ័យនេះបណ្តាលមកពីការទុស្សេខ្សែភ្លើង ប៉ុន្តែមិនទាន់ច្បាស់នៅឡើយទេ រង់ចាំផ្នែកជំនាញស្រាវជ្រាវបន្តនៅពេលក្រោយ ៕ ស តារា