ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗដោយសារគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូ៣គ្រឿង បុកបញ្ច្រាសទិសគ្នាពេញទំហឹង ហើយត្រូវរថយន្តបើកកិនបន្ថែមទៀត បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអ្នកធ្វើដំណើរចោមរោមមើលកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៦ និង០៥ នាទីល្ងាច នៅលើផ្លូវជាតិលេខ០១ត្រង់ចំនុចគីឡូម៉ែត្រលេខ១៤៥>១៤៦ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះឃួន ប៊ុនធឿន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិជ្រៃធំ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ ខ្មៅ ពាក់ស្លាកលេខ វៀតណាម 70-F9.1713 ខូចខាតទាំងស្រុង។
ចំណែកភាគីម៉ូតូ២គ្រឿងទៀតមិនត្រូវបានស្គាល់ឈ្មោះនោះ ក្រោយបង្កហេតុបានជិះម៉ូតូរត់គេចខ្លួនភ្លាមៗទៅទិសខាងកើតបាត់ស្រមោល ។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បាន ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវក្នុងទិសខាងកើតទៅលិច មកដល់កន្លែងកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកបើកបុកបញ្ច្រាសគ្នាដួលលើផ្លូវ បន្ទាប់មក ស្រាប់តែមានម៉ូតូមួយផ្សេងទៀត ម៉ាក ហាយជីតេ ពណ៌ទឹកមាស ពាក់ស្លាកលេខ 70-B1. 603,12 បុកកិនពីក្រោយពេញទំហឹងបណ្ដាលឲ្យ ឃួន ប៊ុនធឿន រងរបួស ហើយមានរថយន្ត១គ្រឿងទៀត (មិនស្គាល់អត្តសញ្ញាណ) មកកិនពីលើបន្ថែមទៀតបែកក្បាលស្លាប់ ។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំណែករថយន្តក្រោយកើតហេតុបានបើករត់គេចខ្លួនបាត់ស្រមោល។
បច្ចុប្បន្នសមត្ថកិច្ចបានវាស់វែងយកម៉ូតូទាំង២គ្រឿងមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ច្រកម្ទេសដើម្បី បំពេញសំណុំរឿងចាត់ការតាមច្បាប់ ៕ យឹម សុថាន