ព័ត៌មានទាន់ហេតុការណ៍៖

រឿងក្តីវត្តព្រះធម្មត្រ័យហៅវត្តព្រៃសប្តឹងប្តល់គ្នា២៣ឆ្នាំទើបមកដល់តុលាកំពូល ព្រះសង្ឃគណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទ សង្ឃឹមមានយត្តិធម៌

ចែករំលែក៖

ភ្នំពេញៈ គិតទៅរយៈពេល២៣ឆ្នាំហើយ ដែលព្រះសង្ឃគណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តព្រះធម្មត្រ័យ ហៅវត្តព្រៃស ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានព្យាយាមតស៊ូប្តឹងតវ៉ារឿងទំនាស់ដីគរុភ័ណ្ឌរបស់វត្តទំហំ១ហិកតានិង៧៥អា ដែលមានទីតាំងខាងកើតព្រះវិហារ ពីតុការដំបូងដល់តុលាការកំពូល តែនៅ ទីបញ្ចប់នៅតែមិនទទួលបានយុត្តិធម៌ដដែល។ ប៉ុន្តែនៅចុងក្រោយនេះ ព្រះសង្ឃគណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តព្រះធម្មត្រ័យ ហៅវត្តព្រៃស មានក្តីសង្ឃឹមថាតុលាការកំពូល នឹងផ្តល់ភាពយុត្តិធម៌ ដល់ព្រះអង្គ និងពុទ្ធបរិស័ទជាមិនខាន នាថ្ងៃ១៩ខែធ្នូឆ្នាំ២០១៨ នេះ ខណៈដែលព្រះសង្ឃនិង និងពួកគាត់ទាមទារដីនេះទុកជាសម្បត្តិសាធារណៈរបស់វត្ត។

តាមប្រសាសន៍របស់អ៊ំ ស្រីឈ្មោះ រី ដែលបានចូលរួមឈរនៅមុខតុលាការកំពូលកាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ជាមួយប្រជាពលរដ្ឋ និងព្រះសង្ឃជាច្រើនរយអង្គ-នាក់បានរៀបរាប់ថាពួកគាត់មកនេះគឺគោលបំណងចង់ដឹងថាតើតុលាការកំពូលកាត់ក្តីរឿងដីវត្តឲ្យទៅលោក ប៊ុន ម៉េង ឈ្នះ ដូចសាលាដំបូងរាជធានីភ្នំពេញ និងតុលាការឧទ្ធរណ៍ដែរឬអត់? ព្រោះថារឿងទំនាស់ដីវត្តនេះគឺពួកយើងបានប្តឹងតវ៉ាតាំងពីឆ្នាំ១៩៩៥ មកម្ល៉េះ គឺតាំងពីជំនាន់ ឯកឧត្តម ជា សុផារ៉ា ធ្វើជាអភិបាលរងក្រុងភ្នំពេញឯណោះ។ តាមព្រះសង្ឃដីការបស់ព្រះតេជគុណ ឌុល សុខា ព្រះចៅអធិការស្តីទីនៃវត្តព្រះធម្មត្រ័យបាន ឲ្យដឹងថាព្រះអង្គគឺជាកូនរបស់លោកអាចារ្យ ឌុល ខុន អតីតជាប្រធានភូមិ ធម្មត្រ័យ ដែលជាអ្នកវាស់ដីចែកមកឲ្យវត្តដែរ។ ចំពោះដីទំនាស់នៅខាងមុខវត្តនេះ គឺពិតជាដីរបស់វត្តទោះបីស្ថិតនៅខាងក្រៅរបងវត្ត ឬខាងកើតផ្លូវក៏ដោយសូម្បីផ្លូវថ្នល់ ដែលកាត់ពីមុខវត្តនោះក៏ជាដីរបស់វត្តដែរ។ បើតាមអាត្មាដឹងដីនេះកាលពីជំនាន់លោក ពូ ខាត់សុខខៃ មិនទាន់បានឡើងមកធ្វើជាចៅសង្កាត់ព្រៃសមកម្លេះដែលកាលនោះលោកពូ ខាត់ សុខខៃ បាននាំប្រជាពលរដ្ឋផ្តិតមេដៃដាក់ពាក្យបណ្តឹងតវ៉ាទៅ ឯកឧត្តម ជា សុផារ៉ា តាំងពីឆ្នាំ១៩៩៥មកម៉្លេះ ហើយពេលនោះឯកឧត្តមក៏បានបញ្ជាមកលោកគ្រូ ផាន ប្រាប់គេឲ្យប្រគល់ដីនោះមកវត្តវិញដែរ ហើយតាំងពីពេលនោះមកក៏គ្មាន ឃើញនរណាមករំលោភបំពានយកដីវត្តទៀតដែរ។លុះ មកដល់ឆ្នាំ២០០៧ទើបលេចចេញឈ្មោះ ប៊ុន ម៉េង និង ប្រពន្ធឈ្មោះ លឹម សុខហៀង មកបញ្ជាឲ្យកម្មករកាប់ដើមត្នោត និងដឹកដីមកចាក់លប់ស្រះទឹក។ ពេលឃើញដូច្នេះ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទក៏បានដាក់ពាក្យប្តឹងចូលទៅសាលាខណ្ឌដង្កោ សាលារាជធានីភ្នំពេញនិងក្រសួងធម្មការនិងសាសនា ព្រមទាំងក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច។ រហូតដល់ឆ្នាំ២០០៨ទើបទីស្តីការគណៈរដ្ឋមន្រ្តីចេញលិខិតលេខ១៧០០ សជណ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០០៨ ដែលមានខ្លឹមសារថា រាជរដ្ឋាភិបាល សម្រេចប្រគល់ដីទំនាស់ទំហំ១ហិកតានិង៧៥អា ស្ថិតនៅភូមិ២៤សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញឲ្យទៅវត្តព្រះធម្មត្រ័យសម្រាប់ប្រើប្រាស់ជាអចលនវត្ថុរបស់វត្តហើយ អាជ្ញាធរមានសមត្ថកិច្ចត្រូវសម្រួលចេញប័ណ្ណកម្មសិទ្ធិដីនេះជូនវត្តនេះទៀត។

ព្រះតេជគុណ ឌុល សុខា បន្តទៀតថាបន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចប្រគល់ដីទំនាស់នេះអោយវត្តហើយសាលារាជធានីភ្នំពេញបានចេញលិខិតជាច្រើនលើកបញ្ជាឲ្យមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់រាជធានីភ្នំពេញចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិដីនេះជូនវត្ត ។ ប៉ុន្តែត្រូវបានភាគីលោក ប៊ុន ម៉េង ប្តឹងទៅតុលាការចោទប្រកាន់អាចារ្យគណៈ កម្មការវត្តថាបានបរិហារកេរ្តិ៍ និងពីបទប្រើប្រាស់លិខិតក្លែងក្លាយ និងខ្លែងឯកសារទៅវិញ ។ ដូច្នេះហើយធ្វើ ភាគីវត្តចាញ់ក្តីតាំងពីនៅសាលាដំបូងក៏ដូចជានៅសាលាឧទ្ធរណ៍ និងពេលព្រឹកនេះតុលាការកំពូលនិងប្រកាសសាលដីកានៅថ្ងៃទ១៩ ខែធ្នូ ឆ្នាំ ២០១៨ វត្តក៏គ្មានសង្ឈឹមថាឈ្នះក្តីដែរ ។ ដោយឡែកបើយើងក្រឡេកច្បាប់ភូមិបាលមាត្រា 20 អចលនវត្ថុជាដី និងជាសំណង់ ដែលមាននៅក្នុង និងក្រៅបរិវេណវត្តអារាមនៃព្រះពុទ្ធសាសនាជាបតិកភ័ណ្ឌប្រើប្រាស់ជានិច្ចកាល សម្រាប់ព្រះពុទ្ធសាសនា និងដាក់ឲ្យពុទ្ធសាសនិកប្រើប្រាស់ក្រោមការថែទាំរបស់អាចារ្យគណៈកម្មការវត្ត។ មាត្រា២១ ចែងថាអចលនវត្ថុរបស់វត្តមិនអាចលក់ដូរ ឬធ្វើអំណោយហើយគ្មានកំណត់អាជ្ញាយុកាលឡើយ។ មួយវិញទៀតបើយើងពិនិត្យ មើលប្រកាសអន្តរក្រសួងលេខ 02 ព្រករ-03 ចុះថ្ងៃទី26 ខែវិច្ឆិកា ឆ្នាំ2003 ស្តីពីការកំណត់ភារកិច្ច របស់តុលាការ និងគណៈកម្មការសុរិយោដី
ពាក់ព័ន្ធនិងរឿងវិវាទដីធ្លី ។ ប្រការ 1 : វិវាទដីធ្លីទាំងឡាយត្រូវបានបែងចែកទៅតាមសមត្ថកិច្ចនីមួយៗដូចតទៅ៖ ➢ វិវាទដីដែលបានចុះបញ្ជីសុរិយោដីរួចហើយ គឺដីធ្លីដែលមានប័ណ្ណសម្គាល់សិទ្ធិគ្រប់ប្រភេទចេញដោយរដ្ឋបាល សុរិយោដីត្រូវស្ថិតក្នុងសមត្ថកិច្ចរបស់តុលាការ។ ➢ វិវាទដីដែលមិនទាន់បានចុះបញ្ជីសុរិយោដីគឺដីដែលពុំទាន់មានប័ណ្ណសំគាល់សិទ្ធិគ្រប់ប្រភេទចេញដោយរដ្ឋបាលសុរិយោដីត្រូវស្ថិតនៅក្នុងសមត្ថកិច្ចរបស់គណៈកម្មការសុរិយោដី។ – ប្រការ2 : តុលាការគ្រប់ខេត្តក្រុងត្រូវបញ្ឈប់ទទួលពាក្យបណ្តឹងវិវាទដីធ្លីមិនទាន់ចុះបញ្ជីសុរិយោដីដែលជា សមត្ថកិច្ចរបស់គណៈកម្មការសុរិយោដីចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ប៉ុន្តែផ្ទុយទៅវិញសាលាដំបូង រាជធានីភ្នំពេញមានលោកចៅក្រមមួយរូបឈ្មោះ ជួន សុរាសី ហ៊ានទទួលពាក្យបណ្តឹងរឿងនេះយកមកកាត់ក្តីដោយគ្មានមើលឯកសារ ឬភស្តុតាងដែលភាគីវត្តបានដាក់ជូនឡើយសូម្បីតែចៅក្រម បី បួននាក់មុនៗ គេផ្ទេរសមត្ថកិច្ចមកគណៈកម្មការសុរិយោដីជាអ្នកដោះស្រាយគ្រប់ៗគ្នាក៏ដោយ។ ដូច្នេះហើយ បានជាវត្តបាន ទទួលរងនូវភាពអយុត្តិធម៌បែបនេះ។

– លោក ស៊ុយ ឈុនហាក់ ប្រធានការិយាល័យក្រុមមេធាវី យុត្តិធម៌សហការីដែលជាមេធាវីការពារ ក្តីឲ្យវត្តព្រះធម្មត្រ័យ បានមានប្រសាសន៍យ៉ាងខ្លីថានេះប្រហែលជាលើកចុងក្រោយហើយសម្រាប់រូបលោកដែលឡើងការពារក្តីហើយការពាររឿងដីបតិកភ័ណ្ឌរបស់វត្តដែលជាដីសាធារណៈរបស់រដ្ឋទៀត។

– ជុំវិញករណីទំនាក់ដីវត្តព្រះធម្មត្រ័យនេះ បើតាមក្រុមអ្នកស្រាវជ្រាវតាមដានពត៌មានបានចលើកឡើង ថា៖ នេះប៉ះចំវត្តព្រៃសជាវត្តអត់មានលុយតក្តីទេ បើចំវត្តដែលមានខ្សែធំនិងមានលុយច្រើនវិញម៉្លេះ គេធ្វើ ប័ណ្ណកម្មសិទ្ធិឲ្យវត្តយូរណាស់មកហើយ មិនមែនសជណ របស់ទីស្តីគណៈរដ្ឋមន្រ្តីអត់តម្លៃទេ ជាប្រវត្តិសាស្រ្តហើយដែលតុលាការហ៊ានកាត់ក្តីប្រឆាំងជាមួយ ស ជណ របស់រាជរដ្ឋាភិបាលបែបនេះ មានតែលោកចៅក្រមរូបនោះ ក្បាលប៉ានដែកហើយទើបសម្រេចបញ្ច្រាស សសជណ បាននោះបើមិនអ៊ីចឹងទេមានតែចៅក្រមរូបនោះជាកូនអស់លោកណាមួយដែលមានអំណាចក្នុងជួររដ្ឋាភិបាលហើយមើលទៅ!។

ដោយឡែកលោក គង់ ស្រ៊ីម ប្រធានក្រុមជំនុំជំរះសំណុំរឿងទំនាស់ដីវត្តព្រះធម្មត្រ័យពុំអាចសុំការពន្យល់បានឡើយ។

ក្នុងករណីនេះដែរ ភ្នាក់ងារកាសែតនគរវត្ត មិនអាចសុំការបញ្ជាក់បកស្រាយពីលោក ប៊ុន ម៉េងបានទេកាលពីម្សិលមិញនេះ ៕ សហការី


ចែករំលែក៖