ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះរឿងធំ មរតកមេឌា ប្រកាសមិនទទួលយកប៊ុត សីហាច្រៀង ព្រោះមានសារជាតិញៀន និងជួញដូរថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងលោក ប៊ុត សីហា ស្រាប់តែផ្ទុះជម្លោះជាពាក្យសម្តីជាមួយអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម មរតកមេឌារហូតលេចចេញរឿងរ៉ាវជាច្រើន ។

ស្របគ្នានេះផលិតកម្មខាងលើបានទម្លាយមូលហេតុនៅពីក្រោយការប្រកាសមិនទទួលតារាចម្រៀងរូបនេះចូលច្រៀងឡើងវិញព្រោះតែតារាចម្រៀងរូបនេះប្រើប្រាស់ និងជួញដូរគ្រឿងញៀន ។

លោក សុខលីម រក្សា ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មមរតកមេឌា និងត្រូវគេស្គាល់ថាជាអ្នកជិតដិត និងតារាចម្រៀង ប៊ុត សីហា បានបញ្ជាក់ថា លោកសូមប្រកាសមិនទទួលយកតារាចម្រៀងរូបនេះចូលក្នុងផលិតកម្មលោកទេព្រោះតែគាត់ជាមនុស្សប្រើប្រាស់ និងជួញដូរថ្នាំញៀន ដែលអាចបង្កការភ័យខ្លាចដល់តារាចម្រៀង និងក្រុមការងារដទៃ ។

លោកថា ជាញឹកញាប់តារាចម្រៀងរូបនេះ មិនមកតាមការណាត់ មិនគោរពពេលវេលា ហើយពេលខ្លះគាត់មិនអាចបន្តការងារព្រោះតែលើកហេតុផលថាគ្មានកម្លាំង ព្រោះមិនបានប្រើប្រាស់គ្រឿងញៀន ។ លោកអត់អាចទុកបុគ្គលរូបនេះដែលអាចនឹងនាំឲ្យមានបញ្ហាដល់ផលិតកម្ម ឬតារាចម្រៀងដទៃ ។

លោកថាប៊ុត សីហា មិនគោរពពេលវេលា មើលងាយក្រុមការងារដែលនៅចាំគាត់រហូតធ្វើឲ្យក្រុមការងារអន់ចិត្តខ្លាំង ។ លោកថា កន្លងមកការចាប់ខ្លួនតារាចម្រៀងរូបនេះដែលពាក់ព័ន្ធនឹងការប្រើប្រាស់និងជួញដូរគ្រឿងញៀនគឺជារឿងពិត ហើយរឿងដែលម្ចាស់ពានThe Voice Cambodia រដូវកាលទី១រូបនេះមិនបានជាប់សម្ភាសន៍ចេញទៅច្រៀងនៅអាមេរិកគឺដោយសាតែការពិនិត្យទឹកនោមបានរកឃើញថាខ្លួនមានសារជាតិញៀន ទើបសម្រេចចិត្តមិនចូលខ្លួនទៅសម្ភាសន៍ចំនួន២ដងរួចមកហើយ គឺមិនមែនសម្ភាសន៍មិនជាប់នោះទេ ។

លោកថា ទង្វើនេះបានធ្វើឲ្យអង្គការដែលបានធានាចេញទៅច្រៀងខកចិត្ត និងត្រូវខាតបង់ថវិកាផ្សេងៗជាច្រើន ។ លោកទម្លាយដែរថាកន្លងមកអ្នកផលិតកម្មវិធីជាច្រើន បានខកចិត្តនឹងការរត់ចោលការងារ មិនទទួលខុសត្រូវលើកការច្រៀងក្នុងកម្មវិធីជាច្រើនទាំងនៅតាមបណ្តាខេត្ត និងនៅតាមស្ថានីយទូរទស្សន៍នានា ជាក់ស្តែងក្នុងកម្មវិធីប្រគំតន្ត្រីរបស់ទូរទស្សន៍អាស៊ីអាគ្នេហ៍ ដែលគ្រប់គ្រងដោយលោកចារ រិទ្ធីនោះជាដើម ។

មិនទាន់អាចស្វែងរកការទំនាក់ទំនងស្វែងរកការបញ្ជាក់ពីតារាចម្រៀង ប៊ុត សីហាបាននៅឡើយទេ ។ ប៉ុន្តែគេដឹងថា ការទម្លាយរឿងរ៉ាវមួយផ្នែករបស់តារាចម្រៀង ប៊ុត សីហានេះគឺធ្វើឡើងក្រោយពី តារាចម្រៀងរូបនេះបានធ្វើការបន្តផ្ទាល់(Live) វីដេអូរៀបរាប់ពីការធ្វើបាបរបស់អ្នកគ្រប់គ្រងទូទៅខាង បូករួមទាំងការកិបកេងលុខកាក់ និងរបស់របរមួយចំនួនដែលអ្នកនៅសហរដ្ឋអាមេរិកផ្ញើឲ្យផងដែរ ។

ទោះជាយ៉ាងណា អ្នកនិពន្ធ និងដឹកនាំផលិតកម្មវិធី លោក សុខលីម រក្សា បានលើកឡើងថា គឺជាការចោទប្រកាន់គ្មានការពិត ហើយលោកស្នើឲ្យអ្នកផ្ញើលុយ និងសម្ភារៈឲ្យប៊ុត សីហាចេញមុខបញ្ជាក់ និងរកភស្តុតាបង្ហាញជាសាធារណៈ បើមានមែនលោកនឹងចេញសងមួយគុណនឹង៣ហើយចំពោះរឿងបទចម្រៀង គ្មានអ្នកណាកែចិត្តបងទេ ដែលទទួលបានការគាំទ្រច្រើន និងមានអ្នកចូលទស្សនា២៦លានដងរបស់ប៊ុត សីហា នៅលើYoutube នោះមិនមែនជាChanel របស់មរតកមេឌាដែរ ហើយក៏គ្មានអ្នកណាទទួលបានលុយពីវាដែរខណៈដែលបទនេះគឺជាបទចម្រៀងCopy និងជាប់កម្មសិទ្វិបញ្ញាពីបរទេសផងដែរ ។ លោកថាការលើកឡើងនេះ គឺដោយសារតែការប្រើប្រាស់ថ្នាំរបស់តារាចម្រៀងរូបនេះលើកកម្រិតតែប៉ុណ្ណោះ៕ ដោយ វឌ្ឍនា


ចែករំលែក៖