ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី​យោធា​សក្ដិ​៤កន្លះ​ម្នាក់បានរបួសធ្ងន់ ដោយសង្ស័យស្រវឹងបើករថយន្តទៅបុកបង្គោលភ្លើងនិងស្លាក​សញ្ញា បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រី​យោធា​សក្ដិ​៤កន្លះ​មួយ​រូប ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីពេទ្យភ្លាមៗ កាល​ពី​វេលាម៉ោង​រំលង ​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ​ឆ្នាំ​២០១៨ ដោយសង្ស័យរូបលោក​ស្រវឹងស្រា ​ហើយបើក​រថយន្ត​បុក​បង្គោល​ភ្លើង​នឹង​បង្គោល ​ស្លាក​សញ្ញា​បណ្ដាល ​ឲ្យ​រថយន្ត​ក្រឡាប់​​ ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ស្ថិត​ក្នុង​សង្កាត់​ដង្កោ ​ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ Lexus​ LX450 ពណ៌​ស្ករ​ ពាក់​ស្លាកលេខ​ភ្នំពេញ​ 2D-1359​ បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧​ (ផ្លូវចំការដូង) ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ​លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​រថយន្ត​បង្ក​ខាង​លើ​រេ​ចង្កូត​ទៅ​ឆ្វេង​ឡើង​ឃឿន​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​នឹង​បង្គោល​ស្លាក​សញ្ញា​បណ្ដាល​ឲ្យ​បាក់​រាប​ដល់​ដី​ រីឯ​រថយន្ត​បង្ក​វិញ​បាន​ក្រឡាប់​ផ្ងារ​ជើង​ម្ខាង​រង​ការ​ខូចខាត​យ៉ាង​ដំណំ​។ ភ្លាមៗ​នោះ​ដែរ​អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​នាំ​គ្នា​មួយ​ជួយ​វាយ​កញ្ចក់​រថយន្ត​ដើម្បី​យក​អ្នក​បើក​បរ​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​។

ក្រោយ​កើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត​បង្ក​ខាង​លើ​ទៅរក្សាទុកនៅការិយាល័យចរចារណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖