ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំក្រសួងបរិស្ថានបន្តសាកសួរសុខទុក្ខមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃស្រែពក

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ឆ្លៀតឱកាសដ៏មមាញឹក លោក រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ៨-៩កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០១៨ បានបន្តដំណើរទៅកាន់ដែនជម្រកសត្វព្រៃភ្នំព្រេច ដើម្បីចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងជំរុញលើកទឹកចិត្តបងប្អូនឧទ្យានុរក្សប្រចាំស្នាក់ការខ្ទង់អន្រ្ទង ឋិតក្នុងភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឲ្យបន្តយកចិត្តទុកដាក់ថែរក្សា ការពារ និងបង្រ្កាបរាល់បទល្មើសលើធនធានធម្មជាតិ។

លុះនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ លោករ័ត្ន វិរៈ និងក្រុមការងារ ក៏បន្តដំណើរឆ្ពោះទៅកាន់ស្នាក់ការម្រើច នៃដែនជម្រសត្វព្រៃស្រែពក ដើម្បីជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ព្រមទាំងពិសាអាហារសាមគ្គីជាមួយបងប្អូនមន្រ្តីឧទ្យានុរក្សក្នុងលក្ខណៈភាតរភាពយ៉ាងស្និទ្ធស្នាលបំផុត៕ ហេង សូរិយា


ចែករំលែក៖