ខេត្តត្បូងឃ្មុំ ៖ ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់ បានរងរបួសធ្ងន់ខណៈបម្រុងរត់ឆ្លងផ្លូវ ក៏ត្រូវយុវជនម្នាក់ ជិះម៉ូតូលឿនជ្រុលចាប់ហ្រ្វាំងមិនទាន់រេចង្កូតបុកយ៉ាងពេញទំហឹង ។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរនេះ កើតឡើងនៅ ថ្ងៃអាទិត្យ ៩ កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវអភិវឌ្ឍន៍ក្រាលកៅស៊ូ ចំណុចគីឡូម៉ែត្រលេខ៣៤ ត្រង់ចំណុចមុខផ្ទះឈ្មោះ សេត ភេទប្រុស ស្ថិតនៅភូមិ សែនប្រពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
តាមប្រភពពីមន្រ្តីនគរបាលចរាចរណ៍ស្រុកត្បូងឃ្មុំ បានឲ្យដឹងថា កុមារារងគ្រោះឈ្មោះ កុំរី អាល់ការីម អាយុ ៩ ឆ្នាំ ជាតិខ្មែរ-អ៊ិស្លាម រស់នៅភូមិសែនប្រពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (រងរបួសធ្ងន់) ។
ប្រភពព័ត៌មានពីកន្លែងកើតហតុបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខត្បូងឃ្មុំ 1B.2974 បើកបរដោយឈ្មោះ អាន អាង ភេទប្រុស អាយុ ១៦ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិព្នៅ ឃុំរំចេក ស្រុកមេមត់ (របួសស្រាល) បើកបរមិនមានពាក់មួកសុវត្ថិភាពក្នុងល្បឿនលឿនហួសកំណត់ ទិសដៅពីលិចទៅកើត ។ លុះបើកបរមកដល់កន្លែងកើតហេតុបានបុកកុមារាថ្មើរជើងម្នាក់យ៉ាងពេញទំហឹងតែម្តង ដែលកំពុងព្យាយាមរត់ឆ្លងផ្លូវពីជើងទៅត្បូង (ពីឆ្វេងមកស្តាំ)បណ្តាលឲ្យរបួសធ្ងន់ ឯអ្នកបើកម៉ូតូរបួសស្រាល។ដោយឡែកវត្ថុតាង ម៉ូតូ ១ គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ដើម្បី បំពេញសំណុំរឿងតាមនីតិវិធី ។ ចំណែកក្មេងរងរបួសត្រូវបានរថយន្តពេទ្យដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ភ្លាមៗដែរ ៕ សហការី