ភ្នំពេញ៖ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ មានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះប្រតិបត្ដិការណ៍ឆ្មក់បង្ក្រាបនូវសង្វៀនបញ្ជល់មាន់មួយកន្លែង ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ឃាត់ខ្លួនមនុស្ស១៧នាក់ និងម៉ូតូ២៥គ្រឿង ព្រមទាំងវត្ថុតាងមួយចំនួនទៀត ។
ក្នុងកិច្ចប្រតិបត្តិការនេះគឺដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញាររង អមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។
ក្នុងរង្វង់ប្រតិបត្តិការនេះ មានការឃាត់ខ្លួនមនុស្សសរុប១៧នាក់ ដកហូតមាន់ជល់១០ក្បាល ម៉ូតូជាង២៤គ្រឿង រួមនឹងវត្ថុតាងមួយចំនួនធំទៀត បញ្ជូនទៅកាន់ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សុខា សែនជ័យ