ព័ត៌មានទាន់ហេតុការណ៍៖

អាណាព្យាបាល ជនជាប់ចោទ ប្តឹង សុំឲ្យអគ្គនាយកពន្ធដា ត្រួតពិនិត្យឯកសារប្រកាសពន្ធ ហាងស៊ុប របស់ថៅកែសាលាហេឡូអាមេរិកកាំង

ចែករំលែក៖

ភ្នំពេញ៖ ដោយយល់ឃើញថា កូនរបស់ខ្លួន ត្រូវថៅកែ ប្តឹងឲ្យចាប់យកទៅដាក់គុក ទាំងមិនទាន់គ្រប់អាយុ និងគ្មានភាពយុត្តិធម៌នោះ ម្តាយឪពុក ជនជាប់ចោទ ម្នាក់បានសម្រេចដាក់ពាក្យប្តឹងទៅ អគ្គនាយកពន្ធដា ឲ្យជួយពិនិត្យ និងធ្វើសវនកម្ម លើការបង់ពន្ធរបស់ហាងស៊ុបយីហោ រ៉ូយ៉ាល់ ហ្គោលឌិន ថោន ស៊ុគីស៊ុប (Royal Golden Town Suki Soup) ដើម្បីរកឲ្យឃើញ ការពិតពីចំណូលប្រចាំខែ ដែលអាចជាភស្តុតាងថ្មី ដាក់ជូនតុលាការ មុនពេលសម្រេចសេចក្តី។

លោកស្រី គង់ ភា និងលោក នូ គម ជាអាណាព្យាបាល របស់ ជនជាប់ចោទឈ្មោះ នូ លាងហាន បានរៀបរាប់ក្នុងពាក្យបណ្តឹងថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ លោក គង់ សម្បត្តិ បានប្តឹងឲ្យ សមត្ថកិច្ចចាប់ខ្លួនកូនពួកគាត់ ដែលកំពុងបម្រើការក្នុងហាងស៊ុបលោក គង់ សម្បត្តិ (មានឈ្មោះខាងលើ) យកទៅដាក់គុក ដោយចោទប្រកាន់ថា កូនពួកគាត់ បានលួចលុយ របស់ហាងស៊ុប ចំនួន ៨១,៥៩៣.៩២ ដុល្លារ ក្នុងរយៈពេល ៣ខែ ដែលជនជាប់ចោទធ្វើការ ឲ្យលោកថៅកែ គង់ សម្បត្តិ។

ម្តាយឪពុកជនជាប់ចោទ ថ្លែងថា លោក គង់ សម្បត្តិ ជាថៅកែ ហាងស៊ុប រ៉ូយ៉ាល់ ហ្គោលឌិន ថោន ស៊ុគីស៊ុប (Royal Golden Town Suki Soup) បានធ្វើរបាយការណ៍ ដាក់ជូនតុលាការថា ក្នុងមួយខែ ហាងស៊ុបរបស់លោក ដែលមានទីតាំង នៅអគារលេខ ៥៩៧ និង៥៩៩ តាមបណ្តោយផ្លូវកម្ពុជាក្រោម ទល់មុខសាលាសន្ធរម៉ុក ក្នុងខណ្ឌទួលគោក អាចរកចំណូល បាន ៤ម៉ឺនដុល្លារ។

ដូច្នេះលោក គង់ សម្បត្តិ បានប្តឹងកូនពួកគាត់ យកទៅដាក់គុក ដោយចោទថា លួចលុយហាងស៊ុប ជាង៨ម៉ឺនដុល្លារ គឺផ្អែកលើ របាយការណ៍ដែលលោក គង់ សម្បត្តិ បង្កើតឡើងនោះឯង។

លោកស្រី គង់ ភា និងលោក នូ គម បានស្នើសុំឲ្យអគ្គនាយកដ្ឋានពន្ធដា ចុះត្រួតពិនិត្យ និងធ្វើ សវនកម្ម លើរបាយការណ៍ប្រាក់ចំណូល ចំណាយ និងការបង់ពន្ធ របស់ហាងស៊ុប រ៉ូយ៉ាល់ ហ្គោលឌិន ថោន ស៊ុគីស៊ុប (Royal Golden Town Suki Soup) ដើម្បីរកឲ្យឃើញការពិតថា តើលោក គង់ សម្បត្តិ បានធ្វើរបាយការណ៍ចំណូល យកទៅបង់ពន្ធជូនរដ្ឋ ដូចធ្វើរបាយការណ៍ចំណូលយកទៅប្តឹងកូនពួកគាត់ដាក់គុកដែរឬទេ?

ពាក្យបណ្តឹង អះអាងថា កន្លងមក លោក គង់ សម្បត្តិ មិនបានបង់ពន្ធជូនរដ្ឋត្រឹមត្រូវតាមច្បាប់នោះទេ ដោយប្រកាសពន្ធ តិចតួចប៉ុណ្ណោះ។ លើសពីនេះទៅទៀត លោក គង់ សម្បត្តិ ក៏បានលក់សិទ្ធិអាជីវកម្ម (Franchise) អោយសាខាតាមខេត្ត និងរាជធានី ដោយមិនបានបង់ពន្ធជូនរដ្ឋនោះទេ។

សូមជម្រាបជូនថា លោក គង់ សម្បត្តិ ដែលគេស្គាល់ថា ជាថៅកែសាលារៀន ហេឡូអាមេរិកាំង (Hello American School) សាលារៀន រ៉ូយ៉ាល់ អ៊ីនធឺខន (Royal Intercon School) និងជាថៅកែហាងស៊ុប រ៉ូយ៉ាល់ ហ្គោលឌិន ថោន ស៊ុគីស៊ុប (Royal Golden Town Suki Soup) និងជាអនុប្រធានការិយាល័យកិច្ចការអាស៊ាន នៃ អគ្គនាយកដ្ឋានកិច្ចការទូទៅ ក្រសួងទំទំព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ក្របខណ្ឌ (ក 2-2)ចូលបម្រើការ ថ្ងៃថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ១៩៩៩ និងមានអត្តលេខ ១៧៤០២០០០១១។

មហាជនរងចាំមើលថា អគ្គនាយកដ្ឋានពន្ធដា នឹងចាត់មន្ត្រីជំនាញ ឬបញ្ជាឲ្យមន្ត្រីសាខាពន្ធដា ខណ្ឌទួលគោក ចុះស្រាវជ្រាវ លើបញ្ហានេះដែរឬទេ?

ខណៈដែល កាលពីពេលថ្មីៗនេះ មានការបែកធ្លាយ ពាក្យបណ្តឹង របស់ពលរដ្ឋ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយប្តឹងលោក យិន ចិន្តាវុឌ្ឍ ជាប្រធានសាខាពន្ធដាខណ្ឌទួលគោក ថាបានប្រើអំណាច កាងអាជីវកម្មមួយចំនួនក្នុងខណ្ឌនេះ និងបានប្រើមន្ត្រីជំនិតឈ្មោះ ទេប កប ឲ្យប្រមូលលុយឲ្យយ៉ាងសកម្មយ៉ាងនេះ។

អាណាព្យាបាល របស់ជនជាប់ចោទ សង្ឃឹមថា អគ្គនាយកដ្ឋានពន្ធដា តុលាការ និងក្រសួងយុត្តិធម៌ អាចជួយផ្តល់យុត្តិធម៌ដល់កូនពួកគាត់ បាន ពីព្រោះកូនពួកគាត់មិនបានប្រប្រឹត្ត ដូច ដែលថៅកែចោទប្រកាន់នោះទេ។

ពួកគាត់មានជីវភាព ក្រីក្រលំបាក មិនមានលុយរាប់មុឺនដុល្លារ ដូចដែលការចោទប្រកាន់នោះទេ។ ហើយកូនពួកគាត់ ជាអនីតិជន នៅមានអនាគតល្អ មិនគួរថៅកែ យកទៅធ្វើការទាំងខុសច្បាប់ហើយ បែរជាប្តឹងគ្នា ដាក់គុកដើម្បីបំផ្លាញអនាគតគ្នាដូច្ញនេះសោះ ៕ អរុណរះ

 


ចែករំលែក៖