ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនផ្នែកអចលនទ្រព្យរបស់ចិន ចែកអំណោយសប្បុរសធម៌ដល់ប្រជាពលរដ្ឋស្រុកខ្សាច់កណ្តាល

ចែករំលែក៖

ភ្នំពេញ : ក្រុមហ៊ុន ប្រាយវ័ន រៀល អ៊ីស្ទែត (Prime one real estate) ដែលជាក្រុមហ៊ុនអចលនទ្រព្យវិនិយោគដោយជនជាតិចិន កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ បាននាំយកអំណោយសប្បុរសធម៌ និងសម្ភារៈសិក្សាចែកជូនដល់សិស្សបឋមសិក្សាព្រះប្រសប់ និងគ្រួសារក្រីក្រ ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នៅក្នុងកម្មវិធីសប្បុរធម៌ ក្រោមប្រធានបទ “ការរួមចំណែករបស់អ្នក គឺជាក្តីសង្ឃឹមរបស់ពួកយើង” ក្រោមការយកចិត្តទុកដាក់ពីព្រះគ្រូ រតនៈរង្សី សៀង បូរិទ្ធ ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជ និងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះសង្ឃនាយក លោក Eric Chong តំណាងអោយក្រុមហ៊ុន ប្រាយវ័ន រៀល អ៊ីស្ទែត បានលើកឡើងថា លោកពិតជាសប្បាយរីករាយណាស់ដែលបានចូលរួមក្នុងកម្មវិធីនេះនៅប្រទេសកម្ពុជា ដែលនេះជាលើកទីមួយហើយដែលបានរៀបចំឡើងក្នុងន័យចូលរួមចំណែកជួយលើកកម្ពស់សុខមាលភាពសង្គម និងទ្រទ្រង់វិស័យព្រះពុទ្ធសាសនា។ ជាមួយគ្នានេះ លោកបានសន្យាថា នឹងធ្វើការងារសប្បុរសបែបនេះបន្តទៀតជាមួយដៃគូសហការបរទេស រួមទាំងប្រទេសដែលបានសហការជាមួយក្រុមហ៊ុនផងដែរ។

លោក តោ យ៉ុង មេឃុំព្រះប្រសប់ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ប្រាយអន នូវទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាទាំងនេះ និងបានចូលរួមចែករំលែកដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំប្រសប់ ស្រុកខ្សាច់កណ្តាល បើទោះបីជាសេដ្ឋកិច្ចកំពុងតែមានការរីកចម្រើនក្តី ប៉ុន្តែក៏នៅមានពលរដ្ឋមួយចំនួនតូចកំពុងតែមានការខ្វះខាត។

សូមបញ្ជាក់ថា អំណោយសប្បុរសធម៌ដែលត្រូវបានចែកជូន រួមមាន៖ សម្រាប់គ្រួសារក្រីក្រចំនួន ៣២គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ៥០គីឡូក្រាម ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ត្រីខ០១យួរ និងថវិកាចំនួន០៤ម៉ឺនរៀល, សិស្សានុសិស្សចំនួន៣០០នាក់ ក្នុងម្នាក់ទទួលបានសៀវភៅមួយឈុត នំមួយកញ្ចប់ និងថវិកា០៥ពាន់រៀល និងថវិកាមួយចំនួនផ្សេងទៀតជូនដល់លោកគ្រូ-អ្នកគ្រូ និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះសរុបប្រមាណជិត៣០០នាក់ផ្សេងទៀត៕ស តារា


ចែករំលែក៖