ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន២នាក់ ចូលចាក់សាំង ឃើញឱកាសស្ងាត់ល្អ ឆក់លុយម្ចាស់ស្ថានីយ រត់គេចខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យជនជាតិចិន២នាក់ ខណៈជិះម៉ូតូចូលចាក់សាំងឃើញឱកាសស្ងាត់ល្អ គំរាមម្ចាស់យកលុយអស់ជាង១លានរៀល រួចរត់គេចខ្លួនដោយសុវត្ថិភាព នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។

បើតាម ម្ចាស់ការ៉ាស់សាំង ឈ្មោះ អង សុជា អាយុ៣៨ រស់នៅនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង និយាយថា មុនកើតហេតុ មានជនជាតិចិនពីរនាក់ បានជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក មកឈប់ដើម្បីចាក់សាំង១ដុល្លារ ហើយក៏បានហុចលុយក្រដាស់៥០ដុល្លារ ហើយពេលរូបគាត់ដកយកកាបូបលុប អាប់លុយ៤៩ដុល្លារឲ្យវិញ វាគ្រវីក្បាល ថា យកលុយរៀលៗ ដល់ពេលគាត់បើកកាបូប ដកយកលុយរៀល ស្រាប់តែជនជាតិនោះដណ្តើមយកលុយ រួចជិះម៉ូតូគេចខ្លួនតែម្តង ។

លោក បន្តថា ជនជាតិចិនដែលដណ្តើមយកលុយពីគាត់ ដោយសារពេលកើតហេតុស្ងាត់មានតែគាត់ម្នាក់ឯង ឪពុក និងប្រពន្ធមិននៅ ហើយឆ្ងាយពីផ្ទះអ្នកស្រុក ខណៈដែលបែបឃើញឱកាសល្អស្ងាត់បែបនេះ ទើប ជនជាតិចិនទាំងពីរនាក់ធ្វើសកម្មភាពដណ្តើមយកលុយ រួចបើកម៉ូតូគេចខ្លួនបាត់ស្រមោលតែម្ដង ទំនងជនសង្ស័យទាំង២នេះ លេងល្បែងចាញ់ក៏ធ្វើសកម្មភាពបែបនេះ។ ចំពោះការបាត់បង់គឺ លុយខ្មែរអស់ ១លាន ១សែន២ម៉ឺនរៀល ។

ប្រជាពលរដ្ឋបន្តថា សកម្មភាពរបៀបនេះបានកើតឡើងញឹកញាប់ណាស់ ពិសេស ផ្លូវឆ្លងកាត់ពីក្រុងបាវិត ទៅ មក ច្រកព្រំដែនសំរោង ស្រុកចន្រ្ទា ចន្លោះ តំបន់កាស៊ីណូ ទាំងពីរ ហើយជូនកាលជនជាតិចិនទាំងនោះលេងល្បែងចាញ់ ក៏ហ៊ានប្រព្រឹត្តបទល្មើសតែម្តង ហើយករណីខាងលើ សង្ឃឹមថា សមត្ថកិ្ចជួយតាមរកជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់ ៕ យឹម សុថាន

 


ចែករំលែក៖