ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ ពិនិត្យទីតាំង ត្រៀមរៀបចំពីធីសម្ពោធវិមានឈ្នះឈ្នះ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌជ្រោយចង្វារ ចុះពិនិត្យប្រពន្ធ័ភ្លើងតាមបណ្ដោយមហាវិថីឈ្នះឈ្នះ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន បន្ទាប់ពីតុបតែង និងស្ថាបនារួច នៅតំបន់វិមានឈ្នះឈ្នះ ដើម្បីត្រៀមរៀបចំ ពីធីសម្ពោធ វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនិងអបអរសាទរ ខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។

តាមគម្រោងវិមានឈ្នះឈ្នះ ត្រូវសម្ពោធរយៈពេល៣យប់៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូខាងមុខនេះ ដោយដំណាលគ្នានឹងខួប២០ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមកិច្ចប្រឹងប្រែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងប្រារព្ធពិធីឆ្លងឆ្នាំសកល ដែលមានអុចកាំជ្រួចបែប3D នាពេលរាត្រីផងដែរ ។

សូមជម្រាបថា រយៈពេល៣ថ្ងៃ នៃពិធី សម្ភោធ និង ឆ្លងឆ្នាំសកល នៅវិមានឈ្នះ ឈ្នះ ខាងលើ ក៏មានស្តង់ដាក់តាំង បង្ហាញតាមក្រសួងនានា និង ផលិតផលផ្សេងៗប្រមាណ៦០០ស្តង់ ។

សូមបញ្ជាក់ថា វិមានឈ្នះឈ្នះ សាងសង់យកគំរូ តាមរចនាបទប្រាង្គប្រាសាទនានា ទុកជាមរតក សម្រាប់កូនខ្មែរ ជំនាន់ក្រោយ គឺមានកម្ពស់ ប្រមាណ៥៤ម៉ែត្រ ទទឹង៣៦ម៉ែត្រ។ វិមាននេះសាង សង់លើផ្ទៃដីសរុបចំនួន ៨ ហិចតាស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

លោក នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់វិមានឈ្នះ-ឈ្នះ បានជម្រាបជូនអំពីលទ្ធផលការងារដែលក្រុមការងារសាងសង់បានធ្វើ ក្នុងរយៈពេលចុងក្រោយនេះ ដូចជាការងារចំលាក់ ការរៀបចំសារមន្ទីរ ការរៀបចំតាំងពិព័រណ៌តំបន់សមិទ្ធផល ការរៀបចំតំឡើងសម្ភារះអាងបាញ់ទឹក នឹងសកម្មភាពផ្សេងៗទៀត ដែលមានការមមាញឹកបំផុត។

គួររំលឹកផងដែរថា សម្តេចវិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ធ្លាប់បានមានប្រសាសន៍ថា វិមាន ឈ្នះ-ឈ្នះ បានសាងសង់ឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ ដែលបញ្ជាក់ពី គុណតម្លៃ សន្តិភាព និងការបញ្ចប់សង្រ្គាម តាមរយៈនយោបាយ ឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសកម្ពុជាមានសន្តិភាពពេញលេញទូទាំងប្រទេស ហើយសន្តិភាពបានចែករំលែកដល់យើងទាំងអស់គ្នា គ្រប់ទិសទី នឹងនាំមកនូវការរីកចម្រើនលូតលាស់ លើគ្រប់វិស័យ។

សម្ដេចពិជ័យសេនាបានអោយដឹងទៀតថា យើងនឹងបន្តការងារសាងសង់ស្តូប ឈ្នះ! ឈ្នះ! ដែលតំណាងឲ្យសន្តិភាព នៅក្នុងប្រទេសកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៣ ទី៤ និងទី៥ បន្តទៀត។ សំណង់វិមាន ឈ្នះ-ឈ្នះ នេះ នឹងបើកទូលាយឲ្យសាធារណៈជន ភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនា បន្ទាប់ពីថ្ងៃប្រារព្ធពិធីសម្ពោធ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ៕ សំរិត


ចែករំលែក៖