ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះបានបង្កើតគណៈកម្មាការចុះទៅត្រួតពិនិត្យទីតាំងសណ្ឋាគារយីហោ Hotel Lux បន្ទាប់ពីមានបុរសជនជាតិអាមេរិកម្នាក់ បានប្រើប្រាស់គ្រឿងញៀនហួសកម្រិតបណ្ដាលឲ្យគាំងបេះដូងស្លាប់បន្ទប់ម្នាក់ឯង ។
ករណីជនបរទេសប្រើប្រាស់គ្រឿងញៀនក្នុងសណ្ឋាគាររហូតដល់ស្លាប់ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤និង៤០នាទីល្ងាចថ្ងៃអង្គារ ១១កើត ខែមិកសិរ ឆ្នាំច សំរិទ្ធិស័កព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅអគារលេខ ២.៤.៦.៨.១០ ផ្លូវលេខ១៣៦ ភូមិ៤ ក្រុមទី៤៤ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ JAMIESON ROBERT SEAN ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិអាមេរិក មុខរបរទេសចរណ៍ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។
ក្រោយពីសភាពការណ៍កើតឡើងកម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយបានរាយការណ៍ជូនព្រះរាជអាជ្ញា នឹងការិយាល័យ បច្ចេកទេសវិឡាសាស្រ្ត នឹងការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ ការិយាល័យអន្តោប្រវេសន៍ ដើម្បីបង្កើត គណៈកម្មាធិការធ្វើកោសលវិច័យលើសាកសព ។
យោងតាមការពិនិត្យរបស់កម្លាំការិយាល័យជំនាញបច្ចេកទេស បានបញ្ជាក់ថា សពជនរងគ្រោះស្លាប់ដោយគាំងបេះដូង (បណ្តាលមកពីការប្រើប្រាស់សារធាតុញៀនប្រភេទ ម៉ុកហ្វីន) ។
ក្រោយកើតហេតុ សមត្ថកិច្ចត្រួតពិនិត្យនៅក្នុងបន្ទប់ជនរងគ្រោះ(សព) រកឃើញ ; ១.លិខិតឆ្លងដែនលេខ563006206 ; ២ Lap Tosibao ១គ្រឿង ;៣.កាត ATM ចំនួន២សន្លឹក ;៤ កាតប្រជាជន១សន្លឹក ;៥. កាបូបលុយចំនួន១ ;៦ វាលីដាក់ខោអាវចំនួន។
ក្រោយពិនិត្យរួច ខាងជំនាញបច្ចេកទេស បានដឹកសាកសពយកទៅតម្កល់នៅសាលតម្កល់សពវត្តទឹកថ្លា រង់ចាំប្រគល់ឲ្យខាងស្ថានទូតចាត់ចែងតាមនីតិវិធី ៕ស តារា