ព័ត៌មានទាន់ហេតុការណ៍៖

មានការរិះគន់ពីពលរដ្នមួយចំនួនថា មន្រ្ដីជំនាញរដ្នបាលព្រៃឈើខេត្តសៀមរាប អសមត្ថភាពក្នុងការបង្រ្កាបបទល្មើសព្រៃឈើ រង់ចាំតែរបស់ឆ្អិនស្រាប់

ចែករំលែក៖

ខេត្តសៀមរាប៖ មានការលើកឡើងជាច្រើនមជ្ឈដ្ឋានក្នុងស្រទាប់ប្រជាពលរដ្ន និងមន្រ្ដីរាជការថា បទល្មើសព្រៃឈើក្នុងខេត្តសៀមរាប មានច្រើនសន្ធឹកសន្ធាប់ ជាពិសេសឈ្មួញដុះស្លែមុខដដែល ៗ ចិញ្ចឹមន្រ្ដីជំនាញរាប់ ឆ្នាំរហូតក្លាយជាមិត្តសំឡាញ់ និងជាក្រុមគ្រួសារតែមួយ ទើបគេមិនសូវឃើញ មន្រ្ដីជំនាញចុះបង្រ្កាបនោះទេ មានតែកម្លាំងសមត្ថកិច្ចមួយចំនួន ដែលមិនទាន់ត្រូវដងត្រូវផ្លែជាអ្នកចុះបង្រ្កាប ។

ជាក់ស្ដែង កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ រថយន្ដឈ្មួញឈើដុះស្លែចំនួន២គ្រឿង ត្រូវបានលោកឧត្តមសេនីយ៍ត្រី ម៉ក់ សុធារ៉ា ស្នងការងទទួលបន្ទុកបង្ក្រាបបទល្មើសសេដ្ឋកិច្ចបញ្ជាផ្ទាល់ និងដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ ម៉េង សំណាង នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ចាប់ប្រគល់ជូនផ្នែករដ្នបាលព្រៃឈើបន្ទាយស្រី ខណៈកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើចូលក្នុងដេប៉ូលក់ឈើឈ្មោះយាយម៉ាប់ ក្នុងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលត្រូវបានគេដឹងថា ជាដេប៉ូមានច្បាប់តែឈ្មោះ ប៉ុន្ដែលក់ និងទិញឈើគ្មានច្បាប់ ។

តាមប្រភពព័ត៌មានច្បាស់ការមួយបានបង្ហើបឲ្យដឹងថា មន្រ្ដីជំនាញមួយចំនួន ត្រូវបានឈ្មួញឈើបង់លុយឲ្យក្នុង១ ខែៗ រាប់លានរៀល ក្នុងម្នាក់ៗ ថ្នូរទៅនឹងការបើកដៃមិនបង្រ្កាប ចំណែករថយន្ដដែលបានបង្រ្កាបក្នុងថ្ងៃទី២០ ខែធ្នូ នោះ ដោយសារតែឈ្មួញបានដូរយករថយន្ដផ្សេង ដែលមិនធ្លាប់យកមកដឹក និងមិនធ្លាប់បង់លុយ ទើបសមត្ថកិច្ចយល់ច្រឡំហើយបង្រ្កាបតែម្ដង ។

ពាក់ព័ន្ធនឹងការរឺះគន់របស់ពលរដ្ន លោក ម៉ុង ប៊ុនលឹម នាយខ័ណ្ឌរដ្នបាលព្រៃឈើខេត្តសៀមរាប ឆ្លើយបំភ្លឺថា រថយន្ដដែលបង្រ្កាបនោះគឺ មន្រ្ដីជំនាញរដ្នព្រៃឈើសហការគ្នាជាមួយស្នងការងទទួលបន្ទុកបង្ក្រាបបទល្មើសសេដ្ឋកិច្ចចុះចាប់ មិនមែនសមត្ថកិច្ចបង្រ្កាបដោយគ្មានការសហការដូចការរិះគន់ នោះទេ គឺក្នុងមួយ ឆ្នាំៗ មន្រ្ដីជំនាញបានចុះចាប់រហូតដល់ជាង៤០ករណី និងចាប់មនុស្សជាច្រើននាក់ទៀត ដូច្នេះការរិះគន់មិនត្រឹមត្រូវទេ ។

ក្នុងនោះដែរ មន្រ្ដីរាជការមួយចំនួនស្នើសុំឲ្យលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប គួរពិនិត្យមើលភាពអសកម្មទៅលើមន្រ្ដីមួយចំនួន ដែលកំពុងបើកដៃឲ្យឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ខាងលើនេះផង ៕ ប៊ុនរិទ្ធី


ចែករំលែក៖