ភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី២១ ខែធ្នូ នេះ ដោយសម្តែងការសោកស្ដាយយ៉ាងខ្លាំងចំពោះអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលប្រឌិតវាយប្រហារនិងប្រមាថនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។
សេចក្តីថ្លែងការណ៍ បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សម្តែងក្តីសោកស្ដាយយ៉ាងខ្លាំង ចំពោះបុគ្គលដែលមិនស៊ីវិល័យ ដោយតាំងខ្លួនឯងជាតម្រួតអន្តរជាតិ និង មាននិន្នាការនយោបាយចក្រពត្តិទាក់ទងទៅនឹងសិទ្ធិមនុស្ស ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានលេីកឡេីង ជាការប្រឌិតវាយប្រហារ និង ប្រមាថបំពានដល់ការខិតខំប្រឹងប្រែងរបស់នាយឧត្តមសេនីយ៍ សៅ សុខា Football Federation of Cambodia និង ជាស្ថាបនិកស្ម័គ្រចិត្ត ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ក៏ដូចជាពេលវេលាដ៏មានតម្លៃ ក្នុងការរៀបចំ និង ធ្វើឱ្យដំណេីរការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នេះឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល ចាត់ទុកថា ការលេីកឡេីងរបស់ Human Rights Watch គឺ ជាការធ្វើយុទ្ធនាការបែបវិទ្ធង្សនា ប្រឆាំងនឹងចលនាយុវជនខ្មែរទាំងអស់ ក្នុងវិស័យកីឡាតែប៉ុណ្ណោះ ៕ចេស្តា