ក្រុមអ្នកនេសាទរាយការណ៍ថា បើទោះបីជាពេលនេះជារដូវបើកនេសាទក៏ដោយ ក៏ពួកឈ្មួញត្រូវតែបង់ប្រាក់ឲ្យលោក សៅ វណ្ណសេរីវុធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយជាដរាប ។ មិនថាអ្នកនេសាទប្រើឧបករណ៍បែបណានោះទេគឺត្រូវតែបង់ប្រាក់ ។ ផ្ទុយទៅវិញអ្នកនេសាទប្រើឧបករណ៍ល្មើសច្បាប់ ត្រូវបង់ប្រាក់ច្រើនជាងគេ ។ បច្ចុប្បន្ន បទល្មើសនេសាទ ដែលប្រើឧបករណ៍ល្មើសច្បាប់ ក្រោមក្រសែភ្នែកលោក សៅ វណ្ណសេរីវុធ បានកើតមានយ៉ាងសន្ធឹកសន្ធាប់ ។ អាជ្ញាធរខេត្ត កំពង់ធំ ធ្វើជាមិនដឹងមិនឮចំពោះបញ្ហានេះ មិនតែប៉ុណ្ណោះជឿតែទៅលើរបាយការណ៍ភូតកុហករបស់មន្ត្រីជលផល ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងនៅចំណុចភូមិស្តែងខ្ពស់ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានបទល្មើសនេសាទជាច្រើនប្រភេទ ក្នុងនោះ ពួកឈ្មួញអះអាងថា ពួកគេបានបង់ប្រាក់ឲ្យលោក សៅ វណ្ណសេរីវុធរួចរាល់ហើយទើបអាចនេសាទបាន ។ នៅពេលដែលមានសម្ថកិច្ចថ្នាក់លើចុះទៅបង្ក្រាបបទល្មើស លោកសៅ វណ្ណសេរីវុធ ទូរស័ព្ទប្រាប់ពួកអ្នកនេសាទទាំងនោះឲ្យទម្លាក់បទល្មើសចោលសិន ។ ហេតុដូច្នេះហើយនៅពេលដែលសមត្ថកិច្ចចម្រុះចុះទៅធ្វើការងារ(បង្ក្រាបបទល្មើស) គឺពួកគេមិនអាចរកឃើញបទល្មើសនេសាទខុសច្បាប់នោះទេ ។
ឈ្មួញអ្នកនេសាទល្មើសច្បាប់មានឈ្មោះ រ៉ូ, ឈ្មោះ ហឿន, ឈ្មោះ គន និងឈ្មោះ អាម៉ង ជាអ្នកបានចែករំលែកផលប្រយោជន៍ឲ្យទៅលោកសៅ វណ្ណសេរីវុធ ច្រើនជាងគេ ឬអាចនិយាយបានថា ជាមេការក្នុងការឃុបឃិតជាមួយលោកសៅ វណ្ណសេរីវុធក្នុងការកសាងបទល្មើសនៅស្រុកកំពង់ស្វាយ ។ ប្រជាពលរដ្ឋនិយាយថា ប្រសិនបើមិនបង់ប្រាក់ឲ្យទេ មុខជាត្រូវប្រឈមនឹងការចាប់យកស្នាដៃឲ្យថ្នាក់លើមើលជាមិនខាន ។ រីឯថ្នាក់លើ (អាជ្ញាធរខេត្ត) ក៏មិនដែលខ្វល់ចំពោះការដែលត្រូវពិនិត្យស្ថានភាពជាក់ស្តែងអ្វីនោះទេគឹជឿតែទៅលើរបាយការណ៍បោកប្រាក់ភូតកុហក តែប៉ុណ្ណោះ ។ ប្រជាពលរដ្ឋរំពឹងថា អាជ្ញាធរខេត្តកំពង់ធំ ក៏ដូចជាអគ្គនាយកដ្ឋានរដ្ឋបាលជលផល មិនបណ្តោយឲ្យលោក សៅ វណ្ណសេរីវុធ ធ្វើអ្វីស្រេចតែអំពើចិត្តនោះទេ ៕